អ្នកបើកតាក់ស៊ីឃើញខ្សែកមាស១គីឡូក្រោម យកប្រគល់ជូនប៉ូលិស
អ្នកបើកតាក់ស៊ីវ័យ៣៦ឆ្នាំក្នុងទីក្រុង Shenzhen ប្រទេសចិន បានក្លាយជាមនុស្សគំរូដែលគ្រប់គ្នាសរសើរ ដោយសារតែបុរសរូបនេះបានឃើញខ្សែកមាសស្តើងៗប្រហែលជា៣០០ខ្សែ ក្នុងឡានរបស់ខ្លួន រួចយកប្រគល់ជូនប៉ូលិស។
រឿងរ៉ាវនេះបានកើតឡើងកាលពីម្សិលមិញ នាម៉ោងប្រហែល ១១:៣០ នាទី។ លោក Yang Bojian បានកត់សម្គាល់ឃើញមានថង់ប្លាស្ទិកពណ៌ខ្មៅនៅក្រោមកៅអីអ្នកដំណើរ ដែលមានខ្សែកជាច្រើនខ្សែ។ លោក Yang បានឲ្យដឹងថាខ្សែកទាំងនេះមិនមែនជារបស់អ្នកដំណើរមុនៗរបស់លោកទេ ព្រោះពេលពួកគេឡើងជិះឡានលោកគ្មានកាន់អ្វីនៅជាប់ដៃឡើយ ប៉ុន្តែលោកក៏មិនដឹងថាជារបស់អ្នកណាដែរ។ លោក Yang បានប្រាប់ថាលោកបានបើកតាក់ស៊ីតាំងពីឆ្នាំ ២០០១ ហើយលោកបានបន្ថែមទៀតថា ជារឿយៗតែងតែភ្ញៀវភ្លេចទូរស័ព្ទដៃ និងសម្ភារផ្សេងទៀតក្នុងរថយន្ត។ ដំបូងអ្នកបើកឡានដែលរកចំណូលបាន៩៦៦ ទៅ ១១២៧ដុល្លារក្នុងមួយខែរូបនេះ ចង់ទុកខ្សែកទាំងនោះជារបស់ខ្លួនដែរ ប៉ុន្តែទីបំផុតលោកបានសម្រេចចិត្តប្រគល់គ្រឿងអលង្ការទៅឲ្យ អាជ្ញាធរ។
ម្ចាស់ពិតប្រាកដរបស់គ្រឿងអលង្ការនេះមិនទាន់កំណត់អត្តសញ្ញាណបាន នៅឡើយទេ ហើយខ្សែកទាំងអស់គឺជាមាសសុទ្ធទម្ងន់ប្រមាណ១គីឡូក្រាម និងត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃជាង ៤០២៨០ដុល្លា។
កន្លងទៅ ក៏ធ្លាប់មានចិត្តល្អបែបនេះដែរ។ អ្នកបើកតាក់ស៊ីម្នាក់នៅទីក្រុងសៀងហៃ បានរកឃើញថង់មាសដុំមួយនៅក្នុងរថយន្តដែលមានតម្លៃជា ១៦១១២១ដុល្លារ ហើយលោកបានទទួលប្រាក់លើកទឹកចិត្ត ៣២ដុល្លារ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!