ក្រុមប្រឹក្សាភិបាលប្រតិបត្តិនៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា បើកកិច្ចប្រជុំលើកទី ១ ក្នុងការឆ្លើយតបនឹងបញ្ហានៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា
ក្រុមប្រឹក្សាភិបាលប្រតិបត្តិនៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា បើកកិច្ចប្រជុំលើកទី ១ ក្នុងការឆ្លើយតបនឹងបញ្ហានៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា ។
កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដែលហៅកាត់ថា CCCA3 បានរៀបចំកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាភិបាលប្រតិបត្តិរបស់ខ្លួន នៅទីស្តីការក្រសួងបរិស្ថាន ក្រោមវត្តមានរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាភិបាល កម្មវិធី CCCA3 ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលប្រតិបត្តិ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរ៉ែ និងថាមពល និងដៃគូរអភិវឌ្ឍន៍រួមមាន៖ សហភាពអឺរ៉ុប(EU) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា(UNDP) និងស្ថានទូតស៊ុយអែត (Sweden) ព្រមទាំងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិពីក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ផងដែរ។
ក្នុងកិច្ចប្រជុំនេះ បានពិនិត្យ និងពិភាក្សាលើសមិទ្ធិផលសម្រេចបានសំខាន់ៗ ក្នុងឆ្នាំ២០១៩ ទិសដៅបន្តឆ្នាំ ២០២០ និងផែនការថវិកាឆ្នាំ២០២០-២០២១ ក្នុងការឆ្លើយតបនឹងបញ្ហានៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា ជាពិសេសការគាំទ្រគម្រោងនានា និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការពីដៃគូអភិវឌ្ឍន៍ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្មវិធី CCCA និងក្រសួង-ស្ថាប័ន ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជា៖ ការបន្ថយឧស្ម័នផ្ទះកញ្ចក់តាមវិស័យ ការលើកកម្ពស់ការយល់ដឹង និងការកាត់បន្ថយប្លាស្ទិក ការអភិវឌ្ឍទីក្រុងនិរន្តរភាព សំណង់អាគារបៃតង ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងដំណើការថវិកាជាតិ ការសាងសង់ផ្លូវដែលធន់នឹងអាកាសធាតុ ជាដើម៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!