Commentary: ការវាយប្រហារតាមផ្លូវអាកាសទៅលើក្រុម IS នៅក្នុងប្រទេសអ៊ីរ៉ាក់មិនទាន់គ្រប់គ្រាន់
ដល់ខែសីហាខាងមុខនេះ នឹងគំរប់ខួបមួយឆ្នាំ ចាប់តាំងពីផ្តើមការវាយប្រហារតាមផ្លូវអាកាស បន្ទាប់ពីជនជាតិភាគតិចយ៉ាស៊ីឌីរាប់ម៉ឺននាក់ នាំគ្នារត់គេចការតាមសំលាប់ពីក្រុមជ្រុលនិយម IS នៅប្រទេសអ៊ីរ៉ាក់ ។
ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥
កិច្ចប្រតិបត្ដិការវាយប្រហារតាមផ្លូវអាកាសដ៏ធ្ងន់ធ្ងរខ្លាំងក្លានិងចំៗគោលដៅ ដោយមានអង្គភាពស៊ើបការណ៍នៅលើដីចាំប្រាប់គោលដៅ ដែលមានហានិភ័យតិចបំផុតសម្រាប់ទាហានរបស់ភាគី វាយលុក ចាត់ទុកជាជម្រើសយុទ្ធសាស្រ្តខាងយោធាសម័យថ្មី តែទិសដៅកិច្ចប្រតិបត្តិការមានដែនកំណត់ បានលទ្ធផលតិច មានឧទាហរណ៍ឲ្យឃើញរួចមកហើយនៅប្រទេសស៊ីរីនិងអ៊ីរ៉ាក់ ដែលកងកម្លាំងសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិក ធ្វើប្រតិបត្ដិការជាង 4,100 លើកទៅលើក្រុមនិយមជ្រុល បែរជាមិនបានផល មិនអាចរារាំងបញ្ឈប់ការវាយរុលទៅមុខរបស់ក្រុមជ្រុលនិយមបាន ។
ដល់ខែសីហាខាងមុខនេះ នឹងគំរប់ខួបមួយឆ្នាំ ចាប់តាំងពីផ្តើមការវាយប្រហារតាមផ្លូវអាកាស បន្ទាប់ពីជនជាតិភាគតិចយ៉ាស៊ីឌីរាប់ម៉ឺននាក់ នាំគ្នារត់គេចការតាមសំលាប់ពីក្រុមជ្រុលនិយម IS នៅប្រទេសអ៊ីរ៉ាក់ រហូតធ្វើឲ្យកើតមានវិបត្តិមនុស្សធម៌ វាជាការបង្ហាញឲ្យឃើញយ៉ាងច្បាស់តាំងពីដើមទីមកហើយថា មានភាពចាំបាច់ក្នុងការប្រើប្រាស់កិច្ចប្រតិបត្តិការផ្នែកទាហានជើងគោក និងយុទ្ធជនជនជាតិឃឺដនៅប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរី បានទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងក្នុងសមរភូមិនៅលើដី
កងទ័ពអ៊ីរ៉ាក់ចាត់ទុកមានតួនាទីយ៉ាងសំខាន់ចំពោះការវាយប្រហារតាមផ្លូវអាកាស រហូតធ្វើឲ្យក្រុមជ្រុលនិយមទន់ខ្សោយនិងបាក់ទ័ព តែកងកម្លាំងអ៊ីរ៉ាក់ដែលភាគច្រើនជានិកាយស៊ីអ៊ីត បែរជាអសមត្ថភាពមិនបានបង្ហាញភាពរឹងមាំតាមការគួរ ក្នុងការវាយដណ្តើមយកមកវិញនូវទីក្រុងជាច្រើនដោយប្រជាជនភាគច្រើនជានិកាយស៊ុននី ដែលត្រូវដណ្តើមកាន់កាប់ដោយក្រុម IS នោះ ។
ក្នុងពេលថ្មីៗកន្លងមកនេះ លោក អេជ ខាទ័រ រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកបានថ្លែងថា កងទ័ពអ៊ីរ៉ាក់ "អត់ចិត្ត" គ្មានឈាមជាអ្នកចម្បាំង បន្ទាប់ពីនាំគ្នារត់ផាស់ក្រញ៉ាំចេញពីទីក្រុង រ៉ាម៉ាឌី ទីក្រុងឯកផ្នែកយុទ្ធសាស្រ្តនៃខេត្តអាន់បារ ខេត្តដែលមានជននិកាយស៊ុននីច្រើនបំផុតនៅប្រទេសអ៊ីរ៉ាក់ ទុកឲ្យក្រុម IS ដណ្តើមកាន់កាប់ទឹកដីស្ទើរតែទាំងអស់យ៉ាងងាយស្រួល ខេត្តអាន់បារនេះមានព្រំដែនជាប់ជាមួយប្រទេសហ្សកដានីទៀតផង ។
ក្រុម IS នៅបានដណ្តើមកាន់កាប់ទឹកដីប្រមាណ ១ ភាគ ៣ នៃប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរី ដែលស្មើនឹងដែនដីពួកគេកាន់កាប់មុនពេលមានការវាយប្រហារតាមផ្លូវអាកាសចាប់ផ្តើមឡើងម៉្លេះ លើសពីនេះទៀត ក្រុម IS នៅបានដើរគំរាមកំហែងប្រជាជនក្នុងតំបន់ កាប់សំលាប់យ៉ាងឃោរឃៅព្រៃផ្សៃទៅលើជនជាតិភាគតិចទាំងឡាយ រួមទាំងការបង្ខំស្ត្រីឲ្យមកធ្វើជាទាសករផ្លូវភេទ បើនិយាយឲ្យចំៗនោះ ក្រុម IS នៅមានប្រៀប ព្រោះពួកគេកំពុងកាន់កាប់ទីក្រុងមជ្ឈមណ្ឌលសំខាន់ក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរី ទាំងទីក្រុង មូស៊ូល និងទីក្រុង រ៉ាក់កា ក្នុងប្រទេសស៊ីរី និងទីក្រុងហ្វាលូចា ដែលជាទីក្រុងយុទ្ធសាស្រ្តរបស់ប្រទេសអ៊ីរ៉ាក់ នៅមិនឆ្ងាយពីទីក្រុងបាដាដនោះ ។
ក្នុងការវាយប្រយុទ្ធដើម្បីការពារទីក្រុងបេជី ដែលជាទីតាំងរោងចក្រចម្រាញ់ប្រេងដ៏សំខាន់របស់អ៊ីរ៉ាក់ ដែលនៅមិនទាន់ធ្លាក់ក្នុងកណ្តាប់ដៃក្រុម IS តែត្រូវបានហ៊ុំព័ទ្ធ កងកម្លាំងរក្សាសន្តិសុខអ៊ីរ៉ាក់បានឧទ្ទិសអ្វីៗគ្រប់យ៉ាងដើម្បីការពាររោងចក្រចម្រាញ់ប្រេងនេះឲ្យខាងតែបាន តែក្រុម IS បានធ្វើការវាយប្រហារអូសបន្លាយពេលជាបន្ត រីឯនៅប្រទេសស៊ីរី ក្រុម IS ត្រូវបានរារាំងដោយកិច្ចប្រតិបត្ដិការវាយប្រហារតាមផ្លូវអាកាសដ៏ធំមួយក្នុងទីក្រុង គោបានី ដោយសារជនជាតិឃឺដ ក្បែរព្រំដែនទួរគី ប៉ុន្តែក្នុងអំឡុងពេលមិនប៉ុន្មានថ្ងៃកន្លងមកនេះ យុទ្ធជននៃក្រុម IS បានវាយលុកដណ្តើមកាន់កាប់ទីក្រុង ផាល់ម៉ៃរ៉ា ដែលជាទីក្រុងបុរាណសម័យរ៉ូម៉ាំង មានអាយុចំណាស់ជាង 2000 ឆ្នាំ ធ្វើឱ្យកាន់តែខិតទៅជិតក្រុងដាម៉ាស់កាស់ រដ្ឋធានីនៃប្រទេសស៊ីរីថែមទៀត ។
កងកម្លាំងសម្ព័ន្ធមិត្តបានទទួលជោគជ័យជាប់ៗគ្នាជាច្រើនលើក ដែលកាលពីពេលថ្មីៗកន្លងមកនេះ នៅទីក្រុង ទឹកគ្រីដ ស្រុកកំណើតរបស់សាដាម ហ៊ូសេន អតីតប្រធានាធិបតីផ្តាច់ការរបស់អ៊ីរ៉ាក់ ដែលសហរដ្ឋអាមេរិកបានវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់ រហូតបានបង្ហាញឲ្យឃើញថា ហ្គេមត្រូវបានផ្លាស់ប្តូរបន្ទាប់ពីមានកិច្ចប្រតិបត្តិការដ៏ធំរបស់ប្រទេសអ៊ីរ៉ាក់ ដើម្បីដណ្តើមយកទីក្រុងនោះត្រូវបានជាប់គាំង មិនទទួលបានជោគជ័យ ។ យ៉ាងណាក៏ដោយ ខណៈដែលមានការវាយប្រហារតាមផ្លូវអាកាសយ៉ាងធ្ងន់ធ្ងរទៅលើទីបញ្ជាការនិងមជ្ឈមណ្ឌលបញ្ជាការ ឃ្លាំងអាវុធនិងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុម IS តែក្រុមយុទ្ធជន IS បានបង្ហាញឲ្យឃើញថា ពួកគេតបតបានប្រកបដោយប្រសិទ្ធភាព ។
លោក ធីអូដ័រ ខារ៉ាស៊ិក អ្នកវិភាគផ្នែកភូមិសាស្ត្រនយោបាយនៅទីក្រុង ឌូបៃ សហរដ្ឋអារ៉ាប់អេមីរ៉េត បានថ្លែងថា IS មានភាពរហ័សរហួនក្នុងការចល័តកម្លាំងពលនិងអាវុធយុទ្ធភ័ណ្ឌ ដែលជាសកម្មភាពខាងយុទ្ធសាស្រ្ត ពេលទប់ទល់នឹងបច្ចាមិត្ត ។
នៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសអារ៉ាប់ ដែលទទួលបានការគាំទ្រពី វើល អេកូណូមិក ហ្វ័ររ៉ូម នៅប្រទេសហ្សកដានី កាលពីសប្តាហ៍កន្លងទៅ មានអារម្មណ៍យ៉ាងខ្លាំងក្លាថា កងកម្លាំងសម្ព័ន្ធមិត្តដែលដឹកនាំដោយសហរដ្ឋអាមេរិកនោះ ត្រូវគិតសាជាថ្មីឡើងវិញថា ក្តីសង្ឃឹមថានឹងបញ្ចៀសជម្លោះរ៉ាំរ៉ៃយូរអង្វែង ឬបរាជ័យ ឬមានអ្នកខ្លះប្រាថ្នាចង់ឲ្យកងទ័ពសហរដ្ឋអាមេរិកវិលត្រឡប់មកប្រទេសអ៊ីរ៉ាក់វិញ ទោះបីជាគ្មានអ្នកនិយាយច្បាស់លាស់ជាដុំកំភួនក៏ដោយ តែបន្ទាប់ពីសហរដ្ឋអាមេរិកទទួលបានមេរៀនដែលមិនសមបំណងនៅអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់ ចាប់តាំងពីឆ្នាំ ២០០១ ដោយមានទាហានអាមេរិកាំងបាត់បង់ជីវិតជាច្រើនពាន់នាក់ និងចំណាយថវិកាទៅក្នុងសង្គ្រាមអស់ចំនួនយ៉ាងច្រើន ទើបសហរដ្ឋអាមេរិកមិនចង់ចូលរោងរួមបន្ទប់ជាមួយប្រទេសទាំងពីរទៀតនោះ ។
គ្រប់គ្នាហាក់ដូចជាយល់ស្របថា គួរនឹងមានការពិនិត្យសាជាថ្មីឡើងវិញ ប៉ុន្តែរហូតមកដល់ពេលនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៅតែប្រឆាំងជំទាស់ទៅនឹងការបញ្ជូនទ័ពសហរដ្ឋអាមេរិកឲ្យត្រឡប់ចូលទៅកាន់សមរភូមិក្នុងប្រទេសអ៊ីរ៉ាក់ និងបានអំពាវនាវឱ្យមានការអត់ធ្មត់និងឧទ្ទិសពេលវេលាដើម្បីបណ្តុះបណ្តាទាហានអ៊ីរ៉ាក់ ពេលខ្លះក្នុងរយៈពេលវែង កងកម្លាំងថ្មីមកពីបណ្តាប្រទេសអារ៉ាប់ ដែលទទួលបានការគាំទ្រពីប្រទេសអេហ្ស៊ីប អាចជាចម្លើយចុងក្រោយ ។
ខណៈដែលកិច្ចប្រតិបត្តិការរបស់កងកម្លាំងសម្ព័ន្ធមិត្ត ត្រឡប់ជាមិនបានសាងភាពពេញចិត្តតាមអ្វីដែលគួរ តែក៏មានបញ្ហាដទៃផ្សេងទៀតមកឲ្យពិចារណា នោះគឺបញ្ហាប្រទេសយេម៉ែន ការវាយប្រហារតាមផ្លូវអាកាសនៅប្រទេសយេម៉ែនរបស់កងកម្លាំងសម្ព័ន្ធមិត្តអារ៉ាប់និកាយស៊ុននី ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត លទ្ធផលដែលទទួលបានក៏គួរឲ្យខកចិត្តផងដែរ ព្រោះមិនអាចធ្វើអ្វីពួកឧទ្ទាមស៊ីអ៊ីដ ហ៊ូស៊ី ដែលដណ្តើមទឹកដីភាគច្រើននៅក្នុងប្រទេសយេម៉ែន រួមទាំងរដ្ឋធានីសាណា រដ្ឋធានីទៀតផង បន្ទាប់ពីពីរខែក្រោយនៃការវាយប្រហារតាមផ្លូវអាកាស ពួកឧទ្ទាមហ៊ូស៊ីបានទទួលរងការខូចខាតយ៉ាងដំណំ ប៉ុន្តែពួកគេមិនត្រូវបានបណ្ដេញចេញពីទីក្រុងសំខាន់ទាំងឡាយ ដែល ពួកគេដណ្តើមកាន់កាប់បាននោះឡើយ ។
ស្រដៀងគ្នាទៅនឹងក្រុម IS ពួកឧទ្ទាម ហ៊ូស៊ី និងសម្ព័ន្ធមិត្ត បានប្រើយុទ្ធសាស្រ្តគេចវាសពីការវាយប្រហារតាមផ្លូវអាកាស ដោយប្រើប្រាស់កម្លាំងមហាជននិងចក្រយានយន្តដឹកជញ្ជូនពល ឬមួយក៏ធ្វើដំណើរនៅពេលយប់ ទាំងដោយថ្មើរជើងឬរថយន្ត ហើយពួកឧទ្ទាម ហ៊ូស៊ី ដែលមិនខុសអ្វីពីអ្នកចម្បាំងស័ក្តិសិទ្ធិ ពួកគេបានសម្របខ្លួនជាមួយនឹងជនស៊ីវិលតាមជនបទក្នុងតំបន់ខ្លួនកាន់កាប់បានយ៉ាងល្អប្រសើរ ទើបមានភាពផ្សងព្រេងជាខ្លាំង នៅពេលណាដែលពួកឧទ្ទាមនៅតែគ្រប់គ្រងប្រជាជនក្នុងតំបន់នោះ ហើយគ្មានការព្រួយបារម្ភពីទុក្ខលំបាករបស់ជនស៊ីវិល នោះក៏អាចសាងសម្ពាធទៅលើភាគីវាយលុកបានដែរ ដែលកាលពីពេលថ្មីៗកន្លងមកនេះ ក៏ត្រូវបានចោទប្រកាន់ថាបានរំលោភសិទ្ធិមនុស្ស ។
ផ្ទុយទៅវិញ ការវាយប្រហារតាមផ្លូវអាកាស ត្រឡប់ជាបានទទួលជោគជ័យសម្រាប់ប្រទេសអ៊ីស្រាអែល ក្នុងការបញ្ឈប់ការវាយប្រហារដោយគ្រាប់កាំជ្រួចពីសំណាក់ក្រុមហាម៉ាស់ នៅឆ្នួនកាសា កាលពីអំឡុងរដូវក្តៅកន្លងមកនេះ ទើបគ្មានគោលការណ៍ជាក់លាក់ថា ការវាយប្រហារតាមផ្លូវអាកាសនឹងបានផលឬបរាជ័យ ប៉ុន្តែក្នុងករណីនៅប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរី ចំពោះការប្រយុទ្ធប្រឆាំងជាមួយក្រុម IS ការវាយប្រហារឃើញជាក់ស្តែងថា គ្មានលទ្ធផល ទើបធ្វើឲ្យជាច្រើនគ្នាមើលឃើញថា គង់ចៀសមិនផុតពីការបញ្ជូនកងទ័ពថ្មើរជើងចូលទៅវាយលុកក្រុម IS នោះឡើយ ។
ចម្លើយចំពោះបញ្ហានេះ គង់ស្ថិតលើសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ថាតើត្រូវប្រថុយលេងទៀតឬយ៉ាងណា ???
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!