វាយប្រហារនៅយេមេនស្លាប់២០នាក់
ADEN, Yemen, June 3: មន្ត្រីសន្តិសុខម្នាក់បានប្រាប់ស៊ីនហួថា ពួកជីវពលកុលសម្ព័ន្ធដែលស្មោះត្រង់នឹងលោកប្រធានាធិបតី ប្រទេសយេមែន លោក Abdu-Rabbu Mansour Hadi បានស្ទាក់វាយប្រហារក្បួនយោធាមួយរបស់ក្រុម Houthi និកាយស៊ីអ៊ីតនៅក្នុងខេត្ត Ibb ភាគខាងត្បូង ប្រទេសយេម៉ែនកាលពីថ្ងៃអង្គារ បានសម្លាប់មនុស្សប្រហែល២០ នាក់និង១០នាក់ផ្សេងទៀតរងរបួស ។
ប្រភពពីសន្ដិសុខនៅក្នុងតំបន់ បានថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា យុទ្ធជនកុលសម្ព័ន្ធដែលគាំទ្រលោក Hadi បានរៀបចំគំរោងយ៉ាងល្អក្នុងការវាយឆ្មក់ នៅលើក្បួនរបស់រថយន្ត រថយន្តពាសដែក និងរថក្រោះរបស់ក្រុម Houthi នៅភូមិ Kaida ក្នុងខេត្ត Ibb ក្នុងនោះមានមនុស្សប្រហែលជា២០ នាក់បានស្លាប់និង ១០ នាក់ផ្សេងទៀតបានរងរបួសនៅកន្លែងកើតហេតុ ។ប្រភពសន្តិសុខបានបន្តថាយុទ្ធជន Houthi បានធ្វើដំណើរទៅពង្រឹងសមរភូមិនៅខេត្តជិតខាងគឺខេត្ត Taiz ។ សង្គ្រាមស៊ីសាច់ហុតឈាមរវាងក្រុម Houthis និងអ្នកគាំទ្រលោក Hadi បានបន្តនៅក្នុងខេត្តភាគខាងត្បូងប្រទេសយេម៉ែនកាលពីថ្ងៃអង្គារ។ ក្រុមខ្មាន់កាំភ្លើងរបស់ក្រុមHouthi បានបាញ់ផ្លោងចូលតំបន់យោធាកាលពីព្រឹកថ្ងៃអង្គារ ដើម្បីប្រឆាំងនឹងក្រុមកងជីវពល ដែលគាំទ្រលោក Hadi នៅក្នុងស្រុក KhorMaksar នៅភាគខាងត្បូងទីក្រុងកំពង់ផែអាដេន និងបានបាញ់គ្រាប់រ៉ុក្កែត និងបាញ់រថក្រោះផងដែរ។
ប្រភពពីមន្ទីពេទ្យបានបញ្ជាក់អះអាងថា ជនស៊ីវិលលើសពីប្រាំបីនាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារគ្រាប់កាំភ្លើងធំបានធ្លាក់មកលើអគារលំនៅដ្ឋានមួយនៅអាដេនដោយចៃដន្យ។
យន្តហោះចម្បាំងរបស់កងកម្លាំងចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតបានបន្តវាយប្រហារទៅកាន់គោលដៅ ឃ្លាំងអាវុធ ដែលគ្រប់គ្រងដោយក្រុម Houthi នៅក្នុងស្រុកមួយដែលមានកំណើនប្រជាជនច្រើននៅជាយរដ្ឋធានី សាណា ប្រទេសយេម៉ែន បង្កឱ្យមានការផ្ទុះយ៉ាងខ្លាំងក្លា។ការវាយប្រហារតាមអាកាសនេះក៏បានកំណត់គោលដៅមកលើទីតាំងប្រយុទ្ឋរបស់ក្រុម Houthi និងយានយន្តយោធា នៅក្នុងខេត្តភាគខាងត្បូងរបស់ប្រទេសយេមែនកាលពីព្រឹកថ្ងៃអង្គារនេះ តែមិនមានរបាយការណ៍ពីការខូចខាតនៅឡើយទេ។
ស្ថានភាពសន្តិសុខនៅប្រទេសយេម៉ែន កាន់តែអាក្រក់ឡើង ក្រោយពីក្រុមស៊ីអ៊ីត Houthi បានកាន់កាប់ក្រុងសាណាកាលពីខែកញ្ញាឆ្នាំមុន បន្ទាប់ពីមានការប៉ះទង្គិចគ្នាដ៏សាហាវជាមួយកងកម្លាំងរដ្ឋាភិបាល។ ប្រទេសក្រីក្រមួយនេះត្រូវបានគេមើលឃើញថាមានការប្រយុទ្ធនិងវាយប្រហារតាមផ្លូវអាកាស ចាប់តាំងពីថ្ងៃទី២៦ ខែមីនាពីកងកម្លាំងចម្រុះដឹកនាំដោយប្រទេស អារ៉ាប៊ីសាដែលបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងប្រទេសយេម៉ែនក្នុងគោលបំណងដណ្តើមអំណាចឲ្យលោកប្រធានាធិបតី Abdu-Rabbu Mansour Hadi៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!