អភិបាលខេត្តព្រះសីហនុ ណែនាំអោយក្រុមហ៊ុនសាងសង់ផ្លូវទាំង ៣៤ ខ្សែ ត្រូវពន្លឿនការងារបន្ថែមទៀត
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៤ខ្សែ នៅខេត្តព្រះសីហនុ ដោយមានការចូលរួមពី អាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមហ៊ុនស្ថាបនាផ្លូវ និងកងវិស្វកម្ម ផងដែរ ។
តាមរបាយការណ៍របស់ក្រុមការងារបច្ចេកទេស ពិនិត្យឃើញថា មកដល់បច្ចុប្បន្ន ការងារស្ថាបនាផ្លូវទាំង៣៤ខ្សែ ជួបបញ្ហាប្រឈមមួយចំនួន និងជម្រុញឱ្យក្រុមហ៊ុន និងកងវិស្វកម្មស្ថាបនាផ្លូវទាំង៨ ត្រូវពន្លឿនការសាងសង់ផ្លូវ និងដាក់លូឱ្យបានទ្វេដងទើបទាន់ពេលវេលា ។
ការស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុងខេត្តព្រះសីហនុ ដែលប្រើពេលរយ:ពេល ៨ខែ ដោយបានបើកការដ្ឋានកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកដល់ពេលនេះការអនុវត្តការងារសាងសង់អស់រយ:ពេលជិត ៤ខែហើយ ដោយក្នុងនោះ ក្រុមហ៊ុនទាំង៨ បានធានាការពន្លឿនដំណើការសាងសង់ផ្លូវចាក់បេតុង និងដាក់លូឱ្យបានទាន់តាមផែនការ ផងដែរ ។
ក្នុងកិច្ចប្រជុំនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមហ៊ុន និងកងវិស្វកម្មទាំង៨ នូវការងារមួយចំនួន ដូចខាងក្រោម៖
១.ត្រូវពន្លឿនការសាងសង់ឱ្យបានទ្វេដង ដោយក្រុមហ៊ុន២ បានស្ថាបនា និងដាក់ប្រព័ន្ធលូតាមផែនការ ចំពោះក្រុមហ៊ុន ៦ ទៀត ការស្ថាបនាផ្លូវ និងដាក់លូមិនទាន់តាមតម្រូវការនៃរយ:ពេលសាងសង់៨ខែ ។
២.បញ្ហាការកកស្ទះចរាចរណ៍នៅតាមការដ្ឋានមួយចំនួន ពិសេសការដ្ឋានផ្លូវឯករាជ្យ ក្រុមហ៊ុនចង់លឿន មិនបានគិតពីផលប៉ះពាល់ដល់ការធ្វើចរាចរណ៍ ក៍ដូចជាការកាយដាច់ប្រព័ន្ធទឹកស្អាត ខ្សែកាបអគ្គីសនី កាបអុបទិចជាដើម ពិសេសត្រូវដាក់ស្លាកសញ្ញាចរាចរណ៍ឱ្យបានត្រឹមត្រូវ ។
៣.ប្រព័ន្ធលូត្រូវធ្វើការកែសម្រួលតាមបទដ្ឋានបច្ចេកទេស និងតាមកិច្ចសន្យា និងបានជម្រុញឱ្យក្រុមបច្ចេកទេសចុះពិនិត្យគ្រប់ការដ្ឋាន ប្រសិនបើរកឃើញថា ដាក់លូមិនមានលក្ខណ:បច្ចេកទេសត្រឹមត្រូវតម្រូវឱ្យកាយចេញ ។
៤.បញ្ចៀសផលប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋចេញ-ចូល ក៍ដូចជាការធ្វើដំណើរ។
៥.ការស្ថាននាផ្លូវ ដាក់លូត្រូវតាមបទដ្ឋានបច្ចេកទេសដូចជា ដែក បេតុងមានគុណភាព និងការស្រោចទឹក ។
លោកអភិបាលខេត្តរូបនេះ ក៏បានសំណូមពរឱ្យក្រុមហ៊ុនសាងសង់ទាំង៨ ត្រូវសហការជាមួយក្រុមហ៊ុនផលិតទឹកស្អាត អានកូ ក្រុមហ៊ុនខ្សែកាបអុបទិច និងអគ្គិសនីខេត្ត ដើម្បីការស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ឱ្យបានរលូនតាមការគ្រោងទុក៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!