អ្នកនាំពាក្យក្រសួងមហាផ្ទៃ ៖ ជនបរទេសជាង ៦ម៉ឺននាក់ ត្រូវបានទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន៍ដោយស្របខុស នៅកម្ពុជា
ក្រសួងមហាផ្ទៃ បានចេញប្រកាសទទួលស្គាល់ជនបរទេស ចំនួន៦០,២៧៩នាក់ ស្មើនឹង២០,២២៨គ្រួសារ ជាជន អន្ដោប្រវេសន៍ ដែលចូលមករស់នៅក្នុងប្រទេសកម្ពុជា ដោយស្របច្បាប់ ក្នុងចំណោមជនបរទេសអន្ដោប្រវេសន្ដ ១០៣,៧៣៨នាក់ ស្មើ៣២,៦៣៧គ្រួសារ ដែលបានដាក់ពាក្យសុំទទួលស្គាល់ កន្លងទៅ។
នេះបើយោងតាមការបញ្ជាក់របស់លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានស្ដីពី "វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងមហាផ្ទៃ" នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ។ លោក ខៀវ សុភ័គ បានដឹងដែរថា កន្លងទៅ ក្រសួងបានដកហូតឯកសារមិនប្រក្រតីចំនួន ៣៧,៤៣៦ច្បាប់ ស្មើនឹង២០,១០៧គ្រួសារ ចំណែកមនុស្ស ៦៩,៩៥៧នាក់ ។
លោក ខៀវ សុភ័គ បានបញ្ជាក់ថា បច្ចុប្បន្នជនបរទេសដែលមានឋានៈជាជនភៀសខ្លួននៅកម្ពុជាចំនួន ៦៤នាក់ មាន០៨សញ្ជាតិ និងអ្នកសុំសិទ្ធិជ្រកកោន ចំនួន ២១នាក់ មាន ០៦សញ្ជាតិ ព្រមទាំងជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា ២៧នាក់ផងដែរ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ លើកឡើងថា ក្រសួងមហាផ្ទៃ កំពុងខិតខំជំរុញបញ្ចប់រៀបចំលិខិតបទដ្ឋានគតិយុត្តថ្មីៗ ពិសេសសេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ព្រមទាំងសេចក្តីព្រាង ប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!