លោក ប៊ុន ហុន អនុញ្ញាតអោយគណៈប្រតិភូអង្គភាពការពារកុមារ CPU ចូលជួបសម្តែងការគួរសម និងរាយការណ៍ពីសកម្មភាពការងារប្រចាំ២០១៩
លោក ប៊ុន ហុន អនុញ្ញាតអោយគណៈប្រតិភូអង្គភាពការពារកុមារ CPU ចូលជួបសម្តែងការគួរសម និងរាយការណ៍ពីសកម្មភាពការងារប្រចាំ២០១៩ ។
នៅទីស្តីការក្រសួងមហាផ្ទៃ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអនុញ្ញាតអោយលោក James McCabe នាយកទទួលបន្ទុកប្រតិបត្តិការ របស់អង្គភាពការពារកុមារ CPU ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងារប្រចាំ២០១៩ របស់ខ្លួននាពេលកន្លងមក។
លោក ប៊ុន ហុន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពការងារអង្គភាពការពារកុមារ CPU ដែលបានអនុវត្តន៍តាមច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាពិសេសកិច្ចសហប្រតិបត្តិការលើការងារប្រយុទ្ធប្រឆាំងការរំលោភបំពានលើកុមារកម្ពុជា និងជំនួយបច្ចេកទេសនានាដល់កងកម្លាំងនគរបាលជាតិកម្ពុជា។
លោក ប៊ុន ហុន បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកអង្គការសង្គមស៊ីវិល ជាដៃគូអភិវឌ្ឍន៍ដ៏ល្អ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ហើយក្នុងនាមក្រសួងមហាផ្ទៃ នៅតែបន្តគាំទ្រសកម្មភាពការងាររបស់អង្គភាពការពារកុមារ CPU។
ក្នុងឳកាសនោះ លោក Jame McCabe បានថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់កិច្ចសហការយ៉ាងល្អប្រសើរដល់សកម្មភាពការងាររបស់អង្គភាពខ្លួន ហើយបានប្រគល់របាយការណ៏ស្តីពីសកម្មភាពការងារឆ្នាំ២០១៩ ជូនលោករដ្ឋលេខាធិការ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!