កម្ពុជា ហាមជនជាតិអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសកម្ពុជា ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងមេរោគខូវីដ ១៩
កម្ពុជា ហាមជនជាតិអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសកម្ពុជា ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងមេរោគខូវីដ ១៩ ។
នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានសម្រេចដាក់បម្រាមមិនអោយជនបរទេសមកពីប្រទេសចំនួន៥ ពោលគឺ ៖ ប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសកម្ពុជា រយៈពេល៣០ថ្ងៃ ដោយអនុវត្តន៍ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ ដែលនេះជាវិធានការការពារ និងទប់ស្កាត់ជាបន្ទាន់ នូវការចម្លងជំងឺ Covid-១៩ ចូលប្រទេសកម្ពុជា ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ថ្មីៗនេះព្រះរាជាណាចក្រកម្ពុជា បានរកឃើញជាបន្តបន្ទាប់នូវវីរុសកូវីដ១៩ លើជនបរទេសមានសញ្ជាតិផ្សេងៗ ដែលតម្រូវអោយមានវិធានការ ការពារ និងទប់ស្កាត់ជាបន្ទាន់ នូវការចម្លងនាំចូលវីរុសកូវីដ១៩ មកក្នុងប្រទេសកម្ពុជា។ ហេតុដូចនេះ ក្រសួងសុខាភិបាល បានចាត់វិធានការបន្ទាន់មួយ ដោយដាក់បម្រាមផ្អាកមិនអោយជនបរទេស ដែលមកពីប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលក្នុងប្រទេសកម្ពុជា រយៈពេល៣ថ្ងៃ ដោយត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះតទៅ ។
សូមបញ្ជាក់ថា រហូតដល់ពេលនេះគិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ ចំនួន ៧ករណីហើយ ដោយក្នុងនោះមាន៖
១. បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
២. បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
៣. ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ នៅខេត្តកំពង់ចាម
៤. បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ នៅខេត្តកំពង់ចាម
៥. ស្ត្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ នៅខេត្តកំពង់ចាម
៦. បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
៧. បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!