បន្តការប្រយុទ្ឋគ្នានៅភាគខាងកើតអ៊ុយក្រែន
Ukaine 04 May: កងទ័ពអ៊ុយក្រែននិងក្រុមឧទ្ទាមគាំទ្ររុស្ស៊ីកាលពីថ្ងៃពុធបានប្រយុទ្ធយ៉ាងខ្លាំងក្លាជាលើកដំបូងរបស់ខ្លួននៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ទាក់ទិននឹងព្រឹត្តិការណ៍នេះ លោករដ្ឋមន្រ្តីក្រសួងការពារជាតិរបស់ប្រទេសអ៊ុយក្រែនបានថ្លែងថា ការប៉ុនប៉ងដោយពួកឧទ្ទាមដើម្បីដណ្តើមយកទីក្រុងMaryinka ភាគខាងកើតត្រូវបានរាំងស្កាត់។
យោធានៅអ៊ុយក្រែននិយាយថាពួកឧទ្ទាមដែលគាំទ្រដោយប្រទេសរុស្ស៊ីបានព្យាយាម ប្រើរថក្រោះនិងយុទ្ធជន១០០០នាក់ឡើងទៅភាគខាងលិចនៃទីតាំងរឹងមាំរបស់ក្រុមឧទ្ទាមដ៏សំខាន់នៅក្រុងDonetsk ដែលនាំឲ្យមានការកើនឡើងនូវជម្លោះដ៏អាក្រក់បំផុតក្នុងរយៈពេលបីខែនេះ ជាការជំនះគគ្លើនរំលោភលើកិច្ចព្រមព្រៀង នៃបទឈប់បាញ់គ្នា។
ក្រុមឧទ្ទាមនិយមរ៉ុស្ស៊ីបានបដិសេធថា កងកម្លាំងរបស់ពួកគេមិនបានចាប់ផ្តើមធ្វើការវាយប្រហារមុននោះទេ ដោយពួកគេបានថ្លែងថាមនុស្ស១៥ នាក់បានស្លាប់ នៅពេលដែលកងទ័ពរដ្ឋាភិបាលបានបាញ់កាំភ្លើងធំចូលទៅក្នុងទឹកដីកាន់កាប់ដោយពួកឧទ្ទាមនៅជិតទីក្រុងនេះ។
អ្នកនាំពាក្យរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Yuri Biryukov នៅលើទំព័រហ្វេសប៊ុករបស់លោកបានសរសេរថា សរុបមនុស្ស ពីរនាក់បានស្លាប់និង៣០នាក់បានរងរបួស។ខណៈដែលប្រធានប៉ូលីសប្រចាំតំបន់លោក Vyacheslav Abroskin បានថ្លែងថា ជនស៊ីវិលបីនាក់បានស្លាប់។
ដោយឡែកនៅក្រុងម៉ូស្គូវិញវិមានក្រឹមឡាំងបានកាន់ជើងក្រុមឧទ្ទាមដោយចោទថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនបានធ្វើសកម្មភាពបង្កហេតុនាំឲ្យមានការវាយប្រហារគ្នានេះ។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា ក្រុងម៉ូស្គូបាន ធ្វើការតាមយ៉ាងដិតដល់និងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពបង្កហេតុដោយកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនដែលកំពុងតែមាន ខុសពីអ្វីដែលយើងបានជំរុញក្នុងការសំរួលស្ថានការណ៍នាពេលនេះ៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!