មាន៣៥ករណីហើយក្នុងការផ្ទុះមេរោគផ្លូវដង្ហើមដ៏ប្រល័យMERS នៅកូរ៉េខាងត្បូង
SEOUL, June 4: អង្គការសុខភាពពិភពលោកបានព្រមានថា ការផ្ទុះជំងឺ MERS នៅកូរ៉េខាងត្បូងទំនងជានឹងកើនឡើងខណៈដែលចំនួនប្រជាជនដែលដាក់ឲ្យស្ថិតនៅដច់ដោយឡែកពីគេនៅពេលនេះបាន ឡើងដល់១៣៦៩នាក់កាលពីថ្ងៃពុធនេះ។
មជ្ឈមណ្ឌលកូរ៉េសម្រាប់គ្រប់គ្រងនិងការពារជំងឺឆ្លងបានអះអាងថា មានករណីថ្មីចំនួនប្រាំទៀតត្រូវបានគេរកឃើញ ធ្វើឲ្យមនុស្សដែលមានជំងឺនេះឡើងដល់ចំនួន៣៥ករណីហើយ ដែលពួកគេកំពុងតែសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
រហូតមកទល់ពេលនេះមានមនុស្សពីរនាក់បានស្លាប់បន្ទាប់ពីឆ្លងមេរោគផ្លូវដង្ហើមនៅកូរ៉េខាងត្បូងនៅក្នុងការផ្ទុះជំងឺ MERS ដ៏ធំបំផុតនៅក្រៅប្រទេសអារ៉ាប់ប៊ីសាវអូឌីត។ ករណីនេះដំបូងគឺត្រូវបានគេសង្ស័យលើបុរសម្នាក់ ដែលបានវិលត្រឡប់ទៅកាន់កូរ៉េខាងត្បូងវិញ ពីប្រទេសអារ៉ាប៊ីសាអូឌីត, កាតា, អារ៉ាប់រួមនិងប្រទេសបារ៉ែន កាលថ្ងៃទី20 ខែឧសភា ដោយបុគ្គលនោះមិនបានធ្លាក់ខ្លួនឈឺនោះទេក្នុងអំឡុងពេលការធ្វើដំណើររបស់គេ នេះបើយោងតាមអង្គការសុខភាពពិភពលោក។
បើយោងតាមក្រសួងអប់រំរបស់ប្រទេសកូរ៉េខាងត្បូងថា សាលារៀនជាង ៥៤០បានបិទទ្វាដើម្បីការពារការរីករាលដាលនៃមេរោគនេះ។
ទំហំនៃការផ្ទុះមេរោគMERS នៅក្នុងប្រទេសកូរ៉េខាងត្បូងបាននាំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែមេរោគនេះ មិនត្រូវបានគេបង្ហាញថាវារីករាលដាលយ៉ាងងាយស្រួលមកលើមនុស្សបែបនេះនោះទេ ហើយប្រព័ន្ធថែទាំសុខាភិបាលនៅក្នុងប្រទេសនេះបានចាត់ទុកវាជាជំងឺស្មុគ្រស្មាញនិងមានលក្ខណៈទំនើប។
កាលពីដើមសប្តាហ៍នេះ លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye បានប្រកាសទទួលស្គាល់ថាពិតជាមានជំងឺនេះ កើតឡើងនៅក្នុងប្រទេសរបស់ខ្លួនពិតមែននិងបានចាត់វិធានការក្នុងការឆ្លើយតបផងដែរ៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!