Commentary:អង់គ្លេសនិងសហភាពអឺរ៉ុប
លោក ដេវីដ ខាំមេរូន បានធ្វើដំណើរទៅកាន់ប្រទេសសហភាពអឺរ៉ុប ( ឬEU ) ធំៗទាំង៤ប្រទេស ផ្តើមពីប្រទេសហូឡង់, ប្រទេសបារាំង, ប្រទេសប៉ូឡូញ និងបញ្ចប់នៅប្រទេសអាល្លឺម៉ង់ ដើម្បីពិភាក្សាពីអនាគតនៃប្រទេសអង់គ្លេសនិងសហភាពអឺរ៉ុបជាថ្មី ។
ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥
(Photo : REUTERS)
ដូចពាក្យដែលថា "ដំដែកទាន់នៅក្តៅ" បើមិនអញ្ចឹងទេក៏ដូចពាក្យថា "ទម្រាំសណ្តែកឆ្អិន ល្ងខ្លោចអស់ " គង់នឹងមិនខុសទេ សម្រាប់សកម្មភាពចុងក្រោយរបស់នាយករដ្ឋមន្ត្រីប្រទេសអង់គ្លេសលោក ដេវីដ ខាំមេរូន បន្ទាប់ពីគណបក្សអភិរក្សនិយមឈ្នះការបោះឆ្នោតបានដឹកនាំរដ្ឋាភិបាលមួយអាណត្តិទៀត ព្រោះទើបនឹងបើកកិច្ចប្រជុំសភាតំណាងរាស្រ្តកាលពីពេលថ្មីៗកន្លងទៅនេះ ។
លោក ដេវីដ ខាំមេរូន បានធ្វើដំណើរទៅកាន់ប្រទេសសហភាពអឺរ៉ុប ( ឬEU ) ធំៗទាំង៤ប្រទេស កាលពីថ្ងៃទី ២៨-២៩ ខែឧសភា កន្លងទៅនេះ ផ្តើមពីប្រទេសហូឡង់, ប្រទេសបារាំង, ប្រទេសប៉ូឡូញ និងបញ្ចប់នៅប្រទេសអាល្លឺម៉ង់ ដើម្បីពិភាក្សាពីអនាគតនៃប្រទេសអង់គ្លេសនិងសហភាពអឺរ៉ុបជាថ្មី បន្ទាប់ពីបានលើកឡើងជាផ្នែកមួយនៃគោលនយោបាយសំខាន់តាំងពីដើមទី ។
លោកនាយករដ្ឋមន្រ្តីនៃប្រទេសអ្នកថ្លៃថ្នូរ បានស្ពាយយកចំណុចទាមទារធ្វើកំណែទម្រង់ទៅពិភាក្សាជាមួយមេដឹកនាំនៃប្រទេសទាំង៤ តែមិនប្រាកដច្បាស់ថាមានអ្វីខ្លះនោះទេ ដឹងត្រឹមតែថា មានរឿងដែលប្រទេសអង់គ្លេសត្រូវការឲ្យរឹតបន្តឹង ហាមជនអន្តោប្រវេសន៍នៅក្នុងសហភាពអឺរ៉ុប ស្នើសុំសុខុមាលភាពសង្គមនៅប្រទេសអង់គ្លេស ។
ក្នុងអំឡុងពេលលោក ដេវីដ ខាំមេរូន កំពុងធ្វើដំណើរ សភាតំណាងរាស្រ្តនគរអ្នកថ្លៃថ្នូរក៏បើកការជជែកពិភាក្សាដេញដោលគ្នាលើពង្រាងច្បាប់ ស្តីពីការធ្វើប្រជាមតិរឿងសហភាពអឺរ៉ុប ឈានឆ្ពោះទៅធ្វើប្រជាមតិនៅឆ្នាំ ២០១៧ ដើម្បីសម្រេចដាច់ខាតថា តើប្រទេសអង់គ្លេសនឹងនៅជាមួយសហភាពអឺរ៉ុបបន្តទៀតឬយ៉ាងណា ???
ក្រៅពីការធ្វើកំណែទម្រង់ ប្រទេសអង់គ្លេសនៅឆ្ងាយពីការសុំធ្វើវិសោធនកម្មលើសន្ធិសញ្ញាបង្កើតសហភាពអឺរ៉ុប ទោះបីចង់មានចង់បានរឿងនេះពីសហភាពអឺរ៉ុបក្តី តែពិតណាស់ ជារឿងដែលលំបាកក្នុងការធ្វើឲ្យមេដឹកនាំសហភាពអឺរ៉ុបយល់ព្រម ព្រោះមិនខុសអ្វីពីការគាស់រំលើងឫសកែវសហភាពអឺរ៉ុបយកមកតុបតែងជាថ្មី បន្ទាប់ពីបានក្លាយជាគំរូនៃការធ្វើសមាហរណកម្មដ៏ប្រត្យ័ក្សចំពោះសហគមន៍អន្ដរជាតិស្រាប់ទៅហើយ សូម្បីក្រោយមកបានបាត់បង់ទំនុកចិត្តខ្លះពីបញ្ហាសេដ្ឋកិច្ច ធ្វើឲ្យសមាជិកសហភាពអឺរ៉ុបជាច្រើនប្រទេសស្ទើរតែទៅមុខលែងរួច ជាពិសេស ប្រទេសក្រិច ដែលពាក់កណ្តាលមនុស្សពាក់កណ្តាលខ្មោច ថារស់ឬក៏ស្លាប់ ។
ការពិភាក្សារបស់លោក ខាំមេរូន ជាមួយបណ្តាមិត្តភ័ក្តិថ្នាក់ដឹកនាំសហភាពអឺរ៉ុប តើឆ្លុះបញ្ចាំងឲ្យឃើញពីអ្វីខ្លះ ??? យើងមើលឃើញថា អាកប្បកិរិយារបស់លោកស្រី Angela Merkel អធិការបតីប្រទេសអាល្លឺម៉ង់ សបង្ហាញពីលទ្ធផលដ៏ល្អបំផុតថា តើសហភាពអឺរ៉ុបគិតនឹងកាត់កាល់អង់គ្លេសប្រាកដមែនឬ ???
ពេលធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ដេវីដ ខាំមេរូន លោកស្រី Angela Merkel ប្រើភាសាការទូតសំដិលខ្សែមិនឲ្យជំពាក់បណ្តើរ នឹងមិនលូកដៃទៅទទួលយកត្រាវក្តៅពីប្រទេសអង់គ្លេសបណ្តើរ ដោយលោកស្រី Merkel បានថ្លែងថា ប្រទេសអាល្លឺម៉ង់នឹងធ្វើការដោយស្ថាបនាជាមួយចក្រភពអង់គ្លេសក្នុងការធ្វើកំណែទម្រង់សហភាពអឺរ៉ុប ហើយមិនបានបដិសេធឱកាសកែសន្ធិសញ្ញាសហភាពអឺរ៉ុប (ដែលស្មើនឹងការបញ្ជាក់នូវអាកប្បកិរិយាចង់ឲ្យចក្រភពអង់គ្លេសនៅក្នុងសហភាពអឺរ៉ុបបន្តទៀត) ។
ប៉ុន្ដែសំណួរដ៏សំខាន់គឺ "តើនឹងមានការកែប្រែសន្ធិសញ្ញាសហភាពអឺរ៉ុបមុនការធ្វើប្រជាមតិនៅអង់គ្លេសឬមួយយ៉ាងណា ??? " លោក ខាំមេរូន និងលោកស្រី Merkel មិនព្រមឆ្លើយ នោះហើយមានន័យថា ត្រូវមានការពិភាក្សាគ្នាជាច្រើនលើកទៀតយ៉ាងប្រាកដ ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!