ជនភៀសខ្លួនពីប្រទេសអូស្ត្រាលី៤នាក់ដំបូង មកដល់កម្ពុជាហើយ
ជនភៀសខ្លួនមកពីប្រទេសអូស្ត្រាលីចំនួន៤នាក់ដំបូង បានមកដល់ប្រទេសកម្ពុជាហើយ នៅម៉ោង ជាង១០ ព្រឹកថ្ងៃព្រហស្បត្តិ៍នេះ តាមជើងយន្តហោះម៉ាឡេស៊ី ។
ជនភៀសខ្លួនទាំង៤នាក់ត្រូវបានដឹកចេញពីអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញក្នុងរថយន្តមានបិទវាំងននជិតមួយតាមច្រកពិសេស ដោយមិនបានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននោះទេ ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងថា ជនភៀសខ្លួនទាំង៤នាក់នឹងទៅស្នាក់នៅផ្ទះជួលមួយកន្លែង ក្នុងសង្កាត់ ច្បារអំពៅ ក្រោមការឧបត្ថម្ភពីស្ថានទូតអូស្រាលី និងអង្គការជាដៃគូ ។ ជនភៀសខ្លួនទាំងនោះមាន៣នាក់ជាជនជាតិអ៊ឺរ៉ង់ និងម្នាក់ជាជនជាតិរូហ៊ីនយ៉ាមកពីប្រទេសមីយ៉ានម៉ា ។ លោកបន្តថា រហូតមកដល់ពេលនេះមិនទាន់មានជនភៀសខ្លួនផ្សេងបន្ថែមទៀតបានសម្រេចចិត្ត មករស់នៅកម្ពុជាទៀតនៅឡើយ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលយកជនភៀសខ្លួនពី អូស្ត្រាលីមករស់នៅប្រទេសកម្ពុជាតាមគោលការណ៍ស្ម័គ្រចិត្ត ហើយអូស្ត្រាលីបានផ្តល់ជំនួយជាទឹកប្រាក់ប្រហែលជា៣១លានដុល្លារ អាមេរិក ។
ដោយលោក វ៉ន់ សុខាន់
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!