បទយការណ៍៖ ការរំឭកខួបដល់សិល្បករខ្មែរគ្រប់វិស័យដែលស្លាប់ក្នុងសម័យសង្គ្រាម
រូបថតអតីតសិល្បករខ្មែរជាច្រើន សន្លឹក ដែលស្លាប់នៅទសវត្សន៍៦០និង៧០ គឺសម័យសង្គ្រាម ត្រូវបានគេបិទលើក្តាខៀនទំហំ១០គុណនឹង១៥ និងចងខ្សែលើរូបថតភ្ជាប់ជុំវិញមេកឈើធំមួយដើម ស្ថិតនៅក្នុងបរិវេណមុខបណ្ណាល័យជាតិ រាជធានីភ្នំពេញ ។ រូបថតទាំងនោះត្រូវបានគេចងទម្លាក់ចុះមកក្រោមនៅកម្ពស់ប្រមាណជាង១ ម៉ែត្រ រួមទាំងដាក់តាំងពិព័ណ៌ ហ្វីលម៉ាស៊ីនថត និងម៉ាស៊ីនសម្រាប់ចាក់កុនសម័យដើមផងដែរ ។
រូបភាពទាំងនេះ ត្រូវបានក្រុមយុវជននៃព្រះសុរិយា រៀបចំដាក់តាំងឲ្យសាធារណជនទស្សនា និងធ្វើពិធីរំឭកខួបដល់ពួកគេកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៥ ដើម្បីបង្ហាញថា សិល្បករទាំងនោះបានស្លាប់ដោយអយុត្តិធម៌នៅសម័យលោក ប៉ុល ពត ដឹកនាំប្រទេស ។
អតីតសិល្បករចំរៀងខ្មែរ ដែលស្លាប់នៅសម័យនោះ រួមមានលោក ស៊ិន ស៊ីសាមុត លោក សុះ ម៉ាត់ លោកស្រី ប៉ែន រ៉ន លោកស្រី រស់ សេរីសុទ្ធា ជាដើម ។ ដោយឡែក សិល្បៈករផ្នែកសម្តែងរួមមាន លោក គង់ សំអឿន លោក យុទ្ធ ថន និងលោក ណុប ណែម រួមជាមួយនឹងអ្នកនិពន្ធមួយចំនួនទៀត ។
បើតាមអ្នកទៅទស្សនាក្នុងកម្មវិធីរំឭកខួបនោះឲ្យដឹងថា ក្តីសោកសង្រែងជាង៤០ឆ្នាំកន្លងទៅនេះ គឺនៅតែដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរ ដែលពួកគេមិនចង់ឃើញ មិនចង់ឮ តទៅទៀតនោះទេ ព្រោះខ្លាចទាញសង្គមកម្ពុជាឲ្យធ្លាក់ទៅក្នុងគ្រោះមហន្តរាយដូចមុន ទៀត ។
វ័យជាង២០ឆ្នាំ ឈរនៅក្រោមដើមឈើដាក់តាំងពិព័ណ៌រូបថតនោះ សមាជិកក្រុមព្រះសុរិយា លោក កួច ឡង់ឌី ថ្លែងថា ដើមចមដែលនាំឲ្យក្រុមព្រះសុរិយាធ្វើពីធីឧទ្ទិសកុសលដល់ វិញ្ញាណក្ខន្ធសិល្បករខ្មែរនេះឡើង ដើម្បីឲ្យសិក្បករជើងចាស់ដែលនៅរស់ សាច់ញាតិសិល្បករដែលស្លាប់នោះ បានមកជួបជុំគ្នា និងបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ក្មេងៗជំនាន់ក្រោយលើសិល្បករ ខ្មែរគ្រប់ជំនាន់ ដើម្បីជាកម្លាំងលើកទឹកចិត្តឲ្យសិល្បករពង្រឹងសមត្ថភាពរបស់ខ្លួន និងយល់ពីតម្លៃរបស់ខ្លួន ។ លោកថា «និយាយរួមគឺចង់ផ្សព្វផ្សាយ ឬក៏ចង់បង្ហាញឲ្យសាធារណជន ជាពិសេសយុវជនខ្មែរយើងតែម្តង ឲ្យគាត់បានយល់ និងស្គាល់តម្លៃរបស់ខ្មែរយើងពីជំនាន់ដើម គឹក្នុងទស្សវត្ស៦០ និង៧០ ដែលភាពយន្តខ្មែររបស់យើងហ្នឹង មានភាពល្បីរន្ទឺ ហើយគេទទួលស្គាល់» ។
កូនស្រីច្បងរបស់លោក ស៊ិន ស៊ីសាមុត គឺអ្នកស្រី ស៊ិន យុទ្ធណា រៀបរាប់ទាំងអួលដើមក នៅក្នុងពិធីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធឪពុករបស់ខ្លួនថា គាត់សប្បាយចិត្តនៅពេលដែលយុវជន ក្រុមព្រះសុរិយាបានបង្កើតកម្មវិធីនេះឡើង ។ អ្នកស្រីចង់ឲ្យកម្មវិធីនេះមានជារៀងរាល់ឆ្នាំ ដើម្បីរំឭកដល់ស្នាដៃសិល្បករខ្មែរដែលស្លាប់នៅសម័យមុន ។ អ្នកស្រីថ្លែងថា «គឺថាគេមកធ្វើកម្មវិធីឲ្យអ៊ីចឹង សប្បាយចិត្ត ហើយរំភើប ញាប់ញ័រ សប្បាយចិត្តដោយយើងគ្មានជាថវិកាធ្វើបុណ្យឲ្យប៉ាអ៊ីចឹងណាអូន [សំណូមពរ]ឲ្យកម្មវិធីហ្នឹងកើតឡើងទៀត កើតឡើងរាល់ឆ្នាំ» ។
ក្រោយពីបញ្ចប់កម្មវិធីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធនោះ ក្រុមយុវជនព្រះសុរិយាធ្វើសន្និសីទសារព័ត៌មាន បន្ទាប់មកបញ្ចាំខ្សែភាពយន្តប្រមាណជិតមួយម៉ោង ក្រោមចំណងជើងថា “បំណុល” ដែលខ្សែភាពយន្តនោះផលិតឡើងនៅឆ្នាំ១៩៦៣ ត្រូវបានក្រុមព្រះសុរិយាស្រាវជ្រាវបានមកពីប្រជាពលរដ្ឋនៅខេត្ត បាត់ដំបង ដែលសម្តែងដោយតារាសម័យដើម ។
និស្សិតឆ្នាំទី១មកពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក លន ឧត្តម ឲ្យដឹងថា មូលហេតុដែលគាត់ចូលរួមកម្មវិធីនោះ ដោយសារគាត់ចង់ដឹងពីប្រវត្តិសាស្ត្រ និងស្នាដៃសិល្បៈករខ្មែរជំនាន់មុន ។ លោកថា សិល្បករខ្មែរជាពិសេសអ្នកសម្តែង និងអ្នកនិពន្ធពិតជាមានស្នាដៃខ្ពស់ ដែលកូនខ្មែរគួរយកគំរូតាម ។ លោកបន្ថែមថា «ខ្មែរពិតជា អស្ចារ្យ ខ្មែរពិតជាអច្ឆរិយ ព្រោះថាខ្មែរអាចកសាងនូវស្នាដៃដូចជា ភ្លេង តន្ត្រី ជាច្រើនបន្សល់ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយឲ្យបានស្គាល់ និងបានដឹង ហើយខិតខំស្រាវជ្រាវយល់ច្បាស់បន្ថែមទៀត» ។
អតីតម្ចាស់ផលិតកម្មហែមពាន ភាពយន្ត និងជាអ្នកនិពន្ធខ្សែភាពយន្តនៅសម័យនោះ លោក លី យូស្រ៊ាង បានសម្តែងអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង ពេលឃើញក្រុមយុវជនចេះស្រលាញ់សិល្បករខ្មែរ និងស្នាដៃរបស់ពួកគេ ។ ទោះយ៉ាងណា លោកលើកទឹកចិត្តឲ្យសិល្បករខ្មែរជំនាន់ក្រោយ យកគំរូតាមសិល្បករចាស់ៗ ពេលនិពន្ធរឿងមិនត្រូវចម្លងស្នាដៃពីប្រទេសជិតខាងនោះទេ ។ លោកថា « ខ្ញុំស្គាល់ពួកសិល្បករក្មេងៗច្រើនដែរ ខ្ញុំគ្រាន់ប្រាប់ថា កុនខ្មែរយើង បើយើងធ្វើ កុំចម្លងគេ កុំឲ្យសោះ ។ យើងធ្វើសេនារីយោយើងធ្វើម៉េចឲ្យបានល្អ ហើយដឹករឿងឲ្យបានល្អ ត្រឹមត្រូវ យើងកុំបង្ខំ ហើយយ៉ាងម៉េចយើងត្រូវរើសតួ កុំថា ហេ! នេះបងប្អូនខ្ញុំ! គិតថា ត្រូវតែតួឯង តួអីហើយ តែត្រូវយើងយកតែម្តង ។ យើងកុំថា យោគយល់» ។
អ្នករក្សាទុកឯកសារភាពយន្ត និងចំរៀងនៅក្រុមព្រះសុរិយា លោក ពេជ្យ ហេមរិទ្ធិ ថ្លែងថា រយៈពេល៥ឆ្នាំចុងក្រោយនេះ ក្រុមការងាររបស់លោកបានស្រាវជ្រាវឃើញចំណងជើងឯកសារភាពយន្តចាស់ៗ ចំនួនជាង៥០០រឿង ប៉ុន្តែទើបប្រមូលបានប្រមាណជិត៤០រឿងតែប៉ុណ្ណោះ ។ លោកថា មានការលំបាកច្រើនពេលចុះស្រាវជ្រាវរកឯកសារទាំងនោះ ហើយលោកអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានឯកសារភាពយន្តសម័យដើមនោះ ផ្តល់មកពួកគាត់ ដើម្បីយកទៅរក្សាទុកជាកេរតំណែលឲ្យកូនចៅជំនាន់ក្រោយបានដឹង ។
លោក ពេជ្យ ហេមរិទ្ធិ ស្នើទៅស្ថាប័នពាក់ព័ន្ធជាពិសេសក្រសួងវិចិត្រសិល្បៈ ត្រូវបង្កើតបណ្ណាល័យមួយសម្រាប់រក្សានូវស្នាដៃដែលសិល្បករផលិតបាន ទុកជាកេរតំណែលឲ្យកូនខ្មែរជំនាន់ក្រោយសិក្សាស្រាវជ្រាវពី ប្រវត្តិសាស្ត្រសិល្បករខ្មែរជំនាន់មុន ។ លោកបញ្ជាក់ថា «ខ្ញុំបាទ ក៏សូមអំពាវនាវ ដល់ខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជួយដល់ក្រុមព្រះសុរិយា ដោយផ្តល់នូវទីកន្លែងសម្រាប់ដាក់តម្កល់នូវឯកសារភាពយន្ត និងចម្រៀងនេះ ដូចជាធ្វើជាសារៈមន្ទីរមួយ ដែលតម្កល់នូវឯកសារភាពយន្ត និងចម្រៀងខ្មែរដើម្បីឲ្យកូនខ្មែរបានស្វែងយល់ និងបានដឹងពីឯកសារដល់ល្អទាំងនោះ» ។
រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា ថ្លែងថា រាល់ឯកសារដែលក្រុមយុវជននៃក្រុមព្រះសុរិយាបានរកឃើញនោះ បើចង់យកទៅតម្កល់ទុកនៅក្រសួងវប្បធម៌ ឬសារៈមន្ទីរជាតិគឺអាស្រ័យលើការសម្រេចរបស់ក្រុមយុវជនទាំងនោះ ចំណែកក្រសួងមិនជំទាស់នោះទេ ។ លោកថា ដោយឡែក ករណីអ្នកនិពន្ធចម្លងគ្នា ជាវប្បធម៌ទៅហើយ ប៉ុន្តែលោកមិនបានលើកទឹកចិត្តដល់អ្នកចម្លងស្នាដៃពីប្រទេសដទៃទេ ព្រោះអ្នកទាំងនោះអាចប្រឈមមុខនឹងច្បាប់កម្មសិទ្ធិបញ្ញា ករណីម្ចាស់ដើមប្តឹង ។ លោកបញ្ជាក់ថា «ច្បាប់ Copy Right មានហើយ អ៊ីចឹងយើងទាំងអស់គ្នា ដែលខ្ញុំនិយាយហ្នឹង ខ្ញុំមិនបានលើកទឹកចិត្តដល់ការចម្លងទេ ប៉ុន្តែខ្ញុំនិយាយពីរបៀបនៃការចម្លងដែលមានតាំងពីអតីតកាលរបស់មក ដល់បច្ចុប្បន្ន ហើយនៅពេលដែលយើងមានកម្មសិទ្ធិបញ្ញា គេអាចប្តឹងយើងចម្លងគេបាន ដោយសារតែយើងចម្លងគេ យើងអត់សុំសិទ្ធិពីគេ» ។
សង្គ្រាមស៊ីវិលដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លូតត្រង់រាប់លាននាក់បានស្លាប់ដោយ អយុត្តិធម៌ ។ ប៉ុន្តែសម្រាប់សិល្បករខ្មែរវិញ ត្បិតតែរូបកាយពួកគេស្លាប់បាត់មែន ប៉ុន្តែសំឡេងពិរោះក្រអួនក្រអៅ នៅតែបន្តដិតជាប់ក្នុងអារម្មណ៍របស់ប្រិយមិត្តមកដល់សព្វថ្ងៃនេះ ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!