លោក វ៉ា គឹមហុង ចេញមុខសារជាថ្មី បកស្រាយបញ្ហាព្រំដែន
ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បានចេញមុខសារជាថ្មី បកស្រាយបញ្ហាព្រំដែននៅតំបន់ច្រកទ្វារ តន់ហន់ ខេត្តកំពត និងនៅភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ជាមួយគ្នានោះ លោកបានទាត់ចោលការចោទប្រកាន់ពីសំណាក់មន្ត្រីមួយចំនួនរបស់គណបក្សសង្គ្រោះជាតិ ដែលបានអះអាងថាកម្ពុជា បាត់បង់ទឹកដី និងថា ជាការចោទប្រកាន់គ្មានមូលដ្ឋានត្រឹមត្រូវ។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា បានចេញមុខមកបកស្រាយសារជាថ្មី ពីបញ្ហាព្រំដែនប្រទេសកម្ពុជា ជាមួយប្រទេសជិតខាងជាពិសេសប្រទេសវៀតណាម ដែលបណ្តាសារព័ត៌មានមួយចំនួន យកមកធ្វើជាប្រធានបទក្តៅក្នុងការជជែកពិភាក្សាគ្នា។
ពាក់ព័ន្ធទៅនឹងបញ្ហា ភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំនោះ ដែលមានមតិមួយចំនួនបានចោទថាគឺជាការរំលោភទៅនឹងបូរណភាពទឹកដីរបស់កម្ពុជា ក៏ប៉ុន្តែ លោកនៅតែបានអះអាងថា ប្រជាពលរដ្ឋខ្មែរ ទៅធ្វើដំណាំចម្ការនៅលើដីរបស់វៀតណាម ពិតប្រាកដមែន។
កន្លងទៅ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបមកពីគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានលើកឡើងថា វៀតណាមបានរំកិលព្រំដែនចូលទឹកដីកម្ពុជាប្រមាណជា ១គីឡូមែត្រ នៅច្រកតន់ហន់ ខេត្តកំពតនោះ ប្រធានគណៈកម្មាធិការកិច្ចការព្រំដែន លោក វ៉ា គឹមហុង បានទាត់ចោលការចោទប្រកាន់ពីសំណាកតំណាងរាស្រ្តរូបនោះ ថាគ្មានមូលដ្ឋានផែនទីត្រឹមត្រូវ និងធ្វើការចោទដោយគ្មានអំណះអំណាងត្រឹមត្រូវ ។
យ៉ាងណាក៏ដោយ កម្ពុជាមិនបានបាត់បង់ទឹកដី មួយមីលីមែត្រទៅអោយបណ្តាប្រទេសជិតខាងនោះទេ តួយ៉ាងដូចសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ ២០០៥ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះ បានធ្វើអោយកម្ពុជាចំណេញយ៉ាងច្រើន ទាំងផ្លូវទឹក និងផ្លូវគោក មិនដូចការចោទប្រកាន់ពីសំណាក់ជនឱកាសនិយមមួយចំនួន ដែលចេះតែបំផុសបំផុលពត៌មានមិនពិតនោះឡើយ។
យ៉ាងណាក៏ដោយពាក់ព័ន្ធទៅនឹងសន្ធិសញ្ញាបំពេញបន្ថែមនេះ មតិសង្គមស៊ីវិល និង អ្នកជំនាញកិច្ចការព្រំដែន បានអះអាងថា សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ នេះបានធ្វើអោយកម្ពុជាបាត់បង់ផ្ទៃដីមួយចំនួនទៅកាន់ភាគីវៀតណាមផងដែរ។
ដោយលោក ញ៉ែម ប្រសិដ្ឋ
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!