Commentary: ច្បាមចាប់អាស៊ី
បញ្ហាគន្លឹះនៅតែស្ថិតក្នុងជម្លោះដែនសមុទ្រ នៅសមុទ្រចិនខាងត្បូង រវាងប្រទេសចិននិងបណ្តាប្រទេស ក្នុងតំបន់អាស៊ាន ។
ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥
Air Defense Identification Zone of Japan (blue), China (pink), and Korea (green)
សន្និសិទមន្រ្តីជាន់ខ្ពស់ផ្នែកសន្តិសុខនៅតំបន់អាស៊ី -ប៉ាស៊ីហ្វិគ "សាំងហ្គ្រីឡា ហ្វ័ររ៉ូម" លើកទី ១៤ នៅប្រទេសសិង្ហបុរី ទើបនឹងបញ្ចប់ទៅកាលពីថ្ងៃអាទិត្យកន្លងទៅនេះ បើទោះបីមានរឿងគួរឲ្យភ្ញាក់ផ្អើលនៅត្រង់មានជនសង្ស័យ បើករថយន្តទំលុះប៉ុស្តិ៍ត្រួតពិនិត្យក្បែរសណ្ឋាគារ សាំងហ្គ្រីឡា ទីកន្លែងរៀបចំសន្និសិទ ជឿថាជាពួកជួញដូរគ្រឿងញៀនជនជាតិសិង្ហបុរី ដែលត្រូវប៉ូលីសបាញ់ស្លាប់ម្នាក់និងចាប់ខ្លួនបាន២នាក់ ។
ប៉ុន្ដែបញ្ហាគន្លឹះនៅតែស្ថិតក្នុងជម្លោះដែនសមុទ្រ នៅសមុទ្រចិនខាងត្បូង រវាងប្រទេសចិននិងបណ្តាប្រទេស ក្នុងតំបន់អាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) មានសហរដ្ឋអាមេរិកដែលដឹកនាំដោយលោក អេចតាន់ ខាទ័រ រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក ចេញមកជាអ្នកដឹកនាំ ប្រឈមមុខជាមួយប្រទេសចិន រឿងការចាក់ដីលុបសមុទ្រក្នុងតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង អះអាងភស្តុតាងដោយរូបថតពីលើអាកាសថា ប្រទេសចិនបានសាងសង់ផ្លូវរត់ព្រលានយន្តហោះនិងកំពង់ផែ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា សុំឱ្យប្រទេសចិនបញ្ឈប់ការអាងកម្មសិទ្ធិលើដែនដីក្នុងសមុទ្រចិនខាងត្បូងបានហើយ ។
ភាគីចិនមានឧត្តមនាវីឯក ស៊ុន ជៀងគួរ អនុប្រធានគណៈសេនាធិការយោធានៃកងទ័ពរំដោះប្រជាជនចិន បានបដិសេធការចោទប្រកាន់នេះ ដោយអះអាងថា ការចូលទៅចាក់ដីលុបសមុទ្រសាងសង់នូវអ្វីទាំងឡាយនោះ អនុលោមទៅតាមការទទួលខុសចំពោះមុខអន្ដរជាតិរបស់ប្រទេសចិននិងកាតព្វកិច្ចទាក់ទងនឹងការផ្តល់ជំនួយសង្គ្រោះនិងរុករកក្នុងសមុទ្រ ការពារគ្រោះមហន្តរាយ, ស្រាវជ្រាវខាងវិទ្យាសាស្រ្តក្នុងសមុទ្រ សង្កេតការណ៍ខាងឧតុនិយមវិទ្យា ការពារបរិស្ថាន សន្តិសុខការធ្វើនាវាចរណ៍ ផលិតផលក្នុងសមុទ្រនិងសេវាកម្មដទៃផ្សេងទៀត ។
ចំណែកបញ្ហាដែលច្រើនគ្នាកង្វល់ថា ចិននឹងប្រកាសបង្កើតតំបន់ការពារខាងអាកាស ឬ ADIZ ក្នុងសមុទ្រចិនខាងត្បូង ដែលមានន័យថា យន្ដហោះទាំងអស់ដែលហោះហើរនៅលើតំបន់នេះត្រូវជូនដំណឹងឲ្យអាជ្ញាធរចិនបានដឹងដើម្បីវាយតម្លៃស្ថានភាពសន្តិសុខជាមុនថា មានអ្វីគំរាមកំហែងតាមផ្លូវអាកាស និងតាមផ្លូវសមុទ្រ ឬមួយយ៉ាងណា ???
ប៉ុន្តែអ្វីទាំងអស់ដែលចិនបានធ្វើនោះ ក៏ដើម្បីសន្តិភាពនិងភាពត្រឹមត្រូវតាមច្បាប់ កាលបើពិចារណាលើភស្តុតាងខាងប្រវត្តិសាស្រ្តនិងផ្នែកច្បាប់ ។ ការអះអាងអំពីភាពជាម្ចាស់នៅក្នុងសមុទ្រចិនខាងត្បូងនោះ ជាការពិតដែលមិនអាចប្រកែកបាន សុំឲ្យប្រទេសទាំងឡាយបញ្ឈប់សាងភាពបែកបាក់គ្នា ផ្ទុយទៅវិញយើងសង្ឃឹមថា ប្រទេសទាំងឡាយនឹងបន្តដំណើរទៅមុខលើវិធីសាស្រ្តដូចគ្នាតែមួយ ធ្វើឲ្យសមុទ្រចិនខាងត្បូងក្លាយជាសមុទ្រនៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ។
នឹងហៅថាបញ្ចប់ទៅដោយរម្យនានោះគង់មិនបានទេ ដោយសារកិច្ចការនេះសហរដ្ឋអាមេរិកបានដើរទៅមុខយ៉ាងពេញទំហឹងជាមួយនយោបាយ "ច្បាមយកអាស៊ី" ដើម្បីទប់ទល់ជាមួយចិន ដោយត្រូវការឲ្យប្រទេសក្នុងតំបន់អាស៊ាន ឯកភាពគ្នាតែមួយច្រើនជាងនេះ ដើម្បីប្រឆាំងឲ្យអស់ពីសមត្ថភាពនូវការអាងកម្មសិទ្ធិលើដែនដីក្នុងសមុទ្រចិនខាងត្បូងរបស់ប្រទេសចិន ដែលចិនបានបូកបញ្ចូលយកផ្ទៃដីចំនួន 1500 ហិចតា ជាខ្សែជួរមុខ ៥ចំណុច នៅប្រជមកោះស្ព្រេតលី ប្រភពធនធានធម្មជាតិដ៏សំខាន់ក្នុងសមុទ្រចិនខាងត្បូង ចាប់តាំងពីដើមឆ្នាំមកនេះ ។
ខណៈដែលប្រទេសជាសមាជិកអាស៊ានខ្លះជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដូចជាហ្វីលីពីននិងវៀតណាមនោះ មិនព្រងើយកន្តើយ បង្ហាញពីការជំទាស់ទៅនឹងការទាមទារកម្មសិទ្ធិលើដែនដីក្នុងសមុទ្រចិនខាងត្បូងរបស់ប្រទេសចិន ប៉ុន្តែនឹងឲ្យប្រទេសជាសមាជិកអាស៊ានទាំងអស់ព្រមព្រៀងគ្នាជាឯកច្ឆន្ទនោះ គង់ធ្វើបានដោយលំបាក និងគ្មានប្រទេសណាមួយចង់ចូលទៅពាក់ព័ន្ធឡើយ តែអ្វីដែលឃើញដូចគ្នានោះគឺ ចំណុចការអះអាងកម្មសិទ្ធិរបស់ប្រទេសចិន បានបំផ្លាញដល់ភាពជឿជាក់និងសន្តិភាពនៅក្នុងតំបន់ ។
លោក អៀន ស្តូរី មកពីវិទ្យាស្ថានអាស៊ីអាគ្នេយ៍នៅប្រទេសសិង្ហបុរី បានថ្លែងថា អ្នកជំនាញមិន យល់ស្របនឹងគោលគំនិតអនុវត្តកិច្ចសហប្រតិបត្តិការកំរិតអាស៊ាននាពេលឆាប់ៗនេះ ក្នុងសមុទ្រចិនខាងត្បូង ទោះបីជាគំនិតដ៏ផូរផង់ឥតខ្ចោះក៏ដោយ តែសហការគ្នាបន្ថែមទៀតរវាងប្រទេសជាសមាជិកនោះ មានភាពអាចទៅរួចច្រើនជាង ។
ខណៈដែលលោក អឺណេស បូវើរ៍ អ្នកជំនាញខាងតំបន់អាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រនិងការស្រាវជ្រាវអន្ដរជាតិ អង្គភាពផ្តល់ការប្រឹក្សានៃទីក្រុងវ៉ាស៊ីនតោន បានឱ្យដឹងថា គោលដៅរបស់សហរដ្ឋអាមេរិក ក៏ដើម្បីធ្វើឱ្យប្រទេសចិនដឹងខ្លួនថា គួរចូលទៅក្នុងប្រព័ន្ធអន្តរជាតិដើម្បីដោះស្រាយបញ្ហា ជំនួសឲ្យការប្រកាសអាងភាពជាម្ចាស់តែម្នាក់ឯងនោះ ។
លើសពីនេះទៀត រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក៏កំពុងព្យាយាមដើរទៅមុខក្នុងការធ្វើឱ្យមានតុល្យភាពក្នុងតំបន់អាស៊ី បន្ទាប់ពីលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា មេដឹកនាំសហរដ្ឋអាមេរិក បានប្រកាសយុទ្ធសាស្រ្តចងមិត្តជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីនេះ ។ ទោះបីជាប្រទេសខ្លះនៅមិនទាន់បង្ហាញសញ្ញាវិជ្ជមានក្តី ប៉ុន្តែសហរដ្ឋអាមេរិកបានបង្កើនកម្រិតនៃកិច្ចព្រមព្រៀងសន្តិសុខជាមួយដៃគូដ៏ចំណាស់ ដូចយ៉ាង ជប៉ុននិងសហរដ្ឋអាមេរិក ជាពិសេសជប៉ុនផ្តោតកិច្ចការពារប្រទេសដោយអាវុធមីស៊ីល ដើម្បីការពារការវាយប្រហារពីសំណាក់ប្រទេសកូរ៉េខាងជើង ។ ចំណែកប្រទេសហ្វីលីពីនវិញ ក៏ផ្តោតការសមយុទ្ធ ការហ្វឹកហាត់រួម ការបញ្ជូននាវាចម្បាំងនិងយន្តហោះចេញប្រតិបត្តិការ ប្តូរពីកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម មកជាស្ថេរភាពសន្តិសុខតាមផ្លូវសមុទ្រ វិញ ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!