Commentary:តាមដានរបាយការណ៍សហរដ្ឋអាមេរិក ស្តីពីការជួញដូរមនុស្ស
ក្នុងអំឡុងប្រមាណជាថ្ងៃទី 19-20 ខែមិថុនាខាងមុខនេះ ឬអាចនឹងយឺតបន្តិចពី 2-3 របាយការណ៍ថ្មី សម្រាប់ឆ្នាំ ២០១៥ នឹងចេញឲ្យយើងបានឃើញ បានដឹងតែម្តងថា លទ្ធផលសរុបនឹងទៅជាដូចម្តេចនឹងឡើងថ្នាក់ត្រឡប់ទៅនៅក្នុងបញ្ជី Tier 2 Watch List ឬបញ្ជីតាមឃ្លាំមើលដូចពីមុន ឬមួយត្រូវទទួលមួយដាវទៀត ។
ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥
ជនរងគ្រោះដោយការជួញដូរមនុស្ស -ប៉ូលីសម៉ាឡេស៊ី សែងសាកសពជនរងគ្រោះដោយការជួញដូរមនុស្ស ចេញពីជំរំឃុំឃាំងខុសច្បាប់ក្នុងព្រៃភាគខាងជើងប្រទេសម៉ាឡេស៊ីជាប់ព្រំដែនប្រទេសថៃ កាលពីថ្ងៃទី២៧ ខែឧសភា កន្លងមក ដោយអាជ្ញាធរមានជំនឿថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតត្រូវកប់នៅទីនេះ មានចំនួនរាប់រយនាក់ ។
នៅទីបំផុត ពេលវេលាក៏មកបញ្ចប់គំរប់១ឆ្នាំ ចាប់តាំងពីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានដាក់ចំណាត់ថ្នាក់ឲ្យប្រទេសខ្លះក្នុងសមាគមអាស៊ានស្ថិតក្នុងបញ្ជី Tier 3 Watch List នៃរបាយការណ៏ ជួញដូរមនុស្ស (Trafficking in Person Report: ឬ TIP)។
ក្នុងអំឡុងប្រមាណជាថ្ងៃទី 19-20 ខែមិថុនាខាងមុខនេះ ឬអាចនឹងយឺតបន្តិចពី 2-3 របាយការណ៍ថ្មី សម្រាប់ឆ្នាំ ២០១៥ នឹងចេញឲ្យយើងបានឃើញ បានដឹងតែម្តងថា លទ្ធផលសរុបនឹងទៅជាដូចម្តេចនឹងឡើងថ្នាក់ត្រឡប់ទៅនៅក្នុងបញ្ជី Tier 2 Watch List ឬបញ្ជីតាមឃ្លាំមើលដូចពីមុន ឬមួយត្រូវទទួលមួយដាវទៀត ។
ដើម្បីជាការសើរើការចងចាំ សេចក្តីរាយការណ៍ Tip report ចាត់ទុកជាឧបករណ៍ខាងការទូតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការចូលទៅសំរបសំរួលជាមួយរដ្ឋាភិបាលបរទេសទាំងឡាយដោះស្រាយបញ្ហារឿងជួញដូរមនុស្ស ដោយផ្តើមមានមកជាលើកដំបូងនៅក្នុង ២០០០ ស្ថិតក្រោមច្បាប់ ការពារជនរងគ្រោះដោយការជួញដូរមនុស្ស ឬដែលហៅកាត់ថា TVPA ។
ស្នូលសំខាន់នៃច្បាប់នេះគឺ "នីតិវិធីដំណើរក្តីនៅតុលាការ" ដល់ជនល្មើស "ការការពារ" ជនរងគ្រោះដោយការជួញដូរ និង "ការទប់ស្កាត់" បន្ថយឱកាសការកើតហេតុឲ្យដល់កម្រិតអប្បបរមា ។
តើនរណាខ្លះមានឈ្មោះក្នុងបញ្ជី ??? ផែនទីឆ្នាំ ២០១៤ ប្រទេសថៃនិងប្រទេសម៉ាឡេស៊ីត្រូវបានបន្ទាបលំដាប់ថ្នាក់មកនៅ Tier 3 នៃរបាយការណ៍ជួញដូរមនុស្ស ខណៈដែលប្រទេសចិន, មីយ៉ាន់ម៉ា, ឡាវ, កម្ពុជា, ស្ថិតក្នុងលំដាប់ Tier 2 តាមឃ្លាំមើល ចំណែកវៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន និង ជប៉ុន ស្ថិតក្នុងលំដាប់ថ្នាក់លេខ Tier 2 ។
ប្រសិនបើប្រទេសណាមួយធ្វេសប្រហែសព្រងើយកន្តើយ ក៏នឹងត្រូវទម្លាក់ចំណាត់ថ្នាក់ចុះជារឿយៗរហូតទៅនៅកម្រិតទាបបំផុតគឺ Tier 3 ដែលកាលបើដល់ថ្នាក់នោះហើយ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏នឹងប្រើវិធានការដាក់ទណ្ឌកម្មក្នុងរឿងមួយចំនួន ដូចជា ផ្តាច់ថវិកាជំនួយលើវិស័យនានា ប្រភេទគម្រោងផ្លាស់ប្តូរការសិក្សាអប់រំនិងវប្បធម៌។ (លើកលែងតែជំនួយផ្នែកមនុស្សធម៌និងពាណិជ្ជកម្ម) រហូតដល់ដាក់សម្ពាធមិនឲ្យទទួលបានជំនួយពីស្ថាប័នហិរញ្ញវត្ថុធំ ជាអាទិ៍ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក ។
ការដាក់ទណ្ឌកម្មដូចបានពោល នឹងមានប្រសិទ្ធិភាពអនុវត្តភ្លាម ក្រោយពីថ្ងៃទី១ ខែតុលា រៀងរាល់ឆ្នាំ យ៉ាងណាក៏ដោយ ប្រធានាធិបតីសហរដ្ឋអាមេរិកមានសិទ្ធិសម្រេចចិត្តជាចុងក្រោយ ដោយអាចបន្ធូរបន្ថយសិនបាន ប្រសិនបើថវិកាជំនួយដែលថានោះ ចាត់ទុកជា «ផលប្រយោជន៍» ចំពោះ សហរដ្ឋអាមេរិកនោះ ។
សម្រាប់ឆ្នាំមុន ប្រទេសដែលត្រូវបន្ទាបពី Tier 2 ឲ្យធ្លាក់ទៅនៅ Tier 3 មានប្រទេសថៃ ម៉ាឡេស៊ី និងប្រទេស វ៉ឺណេហ្សូអេឡា ដោយកាលនោះសហរដ្ឋអាមេរិកមើលឃើញបញ្ហាក្នុងប្រទេសថៃ សរុបបានដូចតទៅនេះ ៖ 1. នីតិវិធីដំណើរក្តីនានានៅតុលាការចំណាយពេលវេលាយូរ និងមិនរីកចម្រើនតាមការគួរ ជនជាប់សង្ស័យថាបានប្រព្រឹត្តខុសខ្លះ រត់គេចចេញទៅក្រៅប្រទេស ឬធ្វើការបំភិតបំភ័យជនរងគ្រោះដោយការជួញដូរមនុស្ស បន្ទាប់ពីតុលាការឱ្យនៅក្រៅឃុំ ខណៈដែលមានរបាយការណ៍ពីកន្លែងផ្តល់សេវាកម្មក្នុងចំនួនដ៏ច្រើន ទទួលបានការការពារពីអាជ្ញាធរកំរិតមូលដ្ឋាននិងកំរិតជាតិ ក្រៅពីនេះ នៅមានការប្តឹងបកវិញក្នុងបទចោទបង្ខូចកេរ្ដិ៍ទៅលើប្រព័ន្ធផ្សព្វផ្សាយនិងអ្នកស្រាវជ្រាវដែលបាននាំយករឿងរ៉ាវមកផ្សព្វផ្សាយ ។
- ការចូលទៅការពារជនរងគ្រោះដោយការជួញដូរមនុស្ស នៅមិនទាន់មានភាពសមរម្យតាមការគួរ រដ្ឋាភិបាលគ្មានវិធានការពិសេសក្នុងការមើលថែជនរងគ្រោះជាអនីតិជន ដែលត្រូវបានគេជួញដូរឱ្យទៅធ្វើជាពេស្យាចារ និងក្នុងករណីខ្លះមិនទទួលបានការធានាសុវត្ថិភាព នាំយកជនរងគ្រោះដោយការជួញដូរមកឲ្យការណ៍នៅមុខជនល្មើស អ្នកខ្លះត្រូវបានបង្ខំឱ្យបង្ហាញព័ត៌មានផ្ទាល់ខ្លួនរួម ទាំងអាសយដ្ឋានរស់នៅ ដែលចាត់ទុកជាហានិភ័យចំពោះការត្រូវបានសងសឹក ខណៈដែលប្រព័ន្ធ ការវែកញែកថានរណាជាជនរងគ្រោះដោយការជួញដូរមនុស្សក៏នៅគ្មានប្រសិទ្ធភាព ធ្វើឲ្យជនរងគ្រោះជាច្រើន ត្រូវបានតុលាការចោទប្រកាន់ថាបានប្រព្រឹត្តខុសច្បាប់ទៅវិញ ក្រៅពីនេះ ជនរងគ្រោះជាជនបរទេសត្រូវបានបញ្ជូនត្រឡប់ទៅមាតុភូមិវិញ ប្រសិនមិនព្រមឆ្លើយឲ្យការណ៍ ឬបញ្ជូនត្រឡប់ទៅកាន់ប្រទេសកំណើតវិញនៅពេលក្តីត្រូវបានបញ្ចប់ មានហានិភ័យក្នុងការត្រូវឈ្មួញបោកប្រាសយកមកជួញដូរម្តងទៀត ។
និង ទី 3. ជាចុងក្រោយក្នុងចំណែកនៃការការពារវិញនោះ ទោះបីជារដ្ឋាភិបាលបានចំណាយថវិកាក្នុងការចាត់ចែងដោះស្រាយបញ្ហាការជួញដូរមនុស្សក្តី ប៉ុន្តែដំណើរការដែលត្រូវបានបន្ថយប្រសិទ្ធិភាពខ្លះ ពីការដែលមានសកម្មជននិងអ្នកស្រាវជ្រាវឯករាជ្យខ្លះត្រូវបានប្តឹងបកវិញពីបទបង្ខូចកេរ្ដិ៍ ធ្វើឲ្យអ្នកដែលហ៊ានចេញមកតវ៉ាប្រឆាំងទៅនឹងការជួញដូរមនុស្សមានចំនួនធ្លាក់ចុះ លើសនេះទៀត ប្រព័ន្ធចុះបញ្ជីពលករបរទេសស្របច្បាប់ រមែងមានឈ្មួញកណ្តាលចូលមកពាក់ព័ន្ធ ហើយអាជ្ញាធរដែលពាក់ព័ន្ធមិនបានចាត់វិធានការណាមួយដើម្បីគ្រប់គ្រងឬមើលថែឡើយ ។
ចំណែកទិសដៅដោះស្រាយបញ្ហា សហរដ្ឋអាមេរិកបានស្នើថា អ្វីដែលអាជ្ញាធរនៃប្រទេសដែលមានបញ្ហារឿងជួញដូរមនុស្សគួរផ្តល់ភាពសំខាន់ខ្លាំងណាស់នោះ គឺមានទាំងការឲ្យនាយកដ្ឋានស៊ើបអង្កេតពិសេស ការិយាល័យការពារនិងបង្ក្រាបអំពើពុករលួយ ជំរុញឱ្យអនុវត្តនីតិវិធីតុលាការទៅលើមន្ត្រីរាជការពុករលួយ លុបចោលបទចោទសំណុំរឿងបង្កាច់បង្ខូចកេរ្តិ៍ទៅលើប្រព័ន្ធផ្សព្វផ្សាយ អ្នកកាសែត និងក្រុមអ្នកស្រាវជ្រាវឯករាជ្យ ដើម្បីលើកកំពស់កិច្ចសហការរវាងរដ្ឋាភិបាល ជាមួយអង្គការមិនមែនរដ្ឋាភិបាល និងអង្គការផ្នែកពលកម្ម បង្កើនចំនួនអ្នកបកប្រែភាសា រហូតដល់ការបង្កើតនាយកដ្ឋានពិសេសដើម្បីពន្លឿនការជំនុំជម្រះដែលចាំបាច់ ក៏ដូចជាការការពារសិទ្ធិនិងសុវត្ថិភាពរបស់ពលករនិងជនភៀសខ្លួនផងដែរ ។
យ៉ាងណាក៏ដោយ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ទុកថា សំរាប់ប្រទេសដែលត្រូវចាត់ចំណាត់ថ្នាក់ល្អបំផុតគឺ Tier 1 (ដូចយ៉ាងសហរដ្ឋអាមេរិកនោះ) ពុំមានន័យថា ប្រទេសដូចបានពោលគ្មានបញ្ហាការជួញដូរមនុស្សនោះទេ តែវាមានន័យថា រដ្ឋាភិបាលបានយល់និងទទួលស្គាល់ថា មានបញ្ហាការជួញដូរមនុស្សកើតមានឡើងប្រាកដមែន និងព្យាយាមចាត់វិធានការយ៉ាងពិតប្រាកដដើម្បីដោះស្រាយបញ្ហាប្រកបដោយនិរន្តរភាពនិងប្រកាន់ខ្ជាប់តាមបទដ្ឋានអប្បបរិមា របស់ TVPA (នោះគឺត្រូវតែមានការអនុវត្តច្បាប់យ៉ាងតឹងរឹង តាមដែលបានក្រើនរំឮកមកនោះឯង ) ។
ដូច្នេះបើនឹងនិយាយថា មិនចាំអ៊ុតមើលគង់នឹងមិនកើតទេ ព្រោះ១ឆ្នាំកន្លងមកនេះ ប្រទេសសមាជិកក្នុងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ានខ្លះ បានអនុវត្តយ៉ាងពេញទំហឹង ទាំងរឿងពលករបរទេសធ្វើនេសាទខុសច្បាប់ រួមដល់ការចាប់កំហុសមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលនិងថ្នាក់មេបញ្ជាការ ដែលមានការពាក់ព័ន្ធក្នុងការជួញដូរមនុស្ស ។
ប៉ុន្តែនៅទីបំផុតសហរដ្ឋអាមេរិកនឹងយល់ហើយព្រមទទួលយកប្រទេសទាំងនោះកំរិតណា គង់ជារឿងភាគដែលត្រូវតាមដានបន្តទៀត នឹងបានជ្រាបក្នុងពេលដ៏ខ្លីខាងមុខនេះមិនខាន ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!