Commentary:ថ្ងៃអន្សារបស់លោក អាស់សាត
ការដណ្តើមកាន់កាប់ភាគខាងកើតប្រទេសស៊ីរីរបស់ក្រុម IS ក្រៅពីប៉ះពាល់ដល់សន្តិសុខហើយនោះ នៅបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចទៀតផង ព្រោះតំបន់ភាគខាងកើតជាកំណប់ទ្រព្យ និងជា មណ្ឌលប្រមូលផ្តុំធនធានធម្មជាតិនិងរ៉ែ ដែលបង្កើតប្រាក់ចំណូលចូលឃ្លាំងដ៏ច្រើនសម្បើមក្នុងមួយឆ្នាំៗ
ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៥
លោកប្រធានាធិបតី Bashar al – Assad ក្រុម IS
រដ្ឋាភិបាលស៊ីរី របស់លោកប្រធានាធិបតី Bashar al - Assad ដែលឈរជើងតតាំងការប៉ុនប៉ងផ្តួលរំលំអំណាចពីបណ្តាក្រុមឧទ្ទាមទាំងឡាយអស់រយៈពេលជាង 4 ឆ្នាំ ពេលនេះកំពុងមើលឃើញភាពមហន្តរាយនឹងមកដល់ក្នុងពេលឆាប់ៗនេះហើយ ដោយសារការបង្ហាញខ្លួនយ៉ាងពេញទំហឹងរបស់ក្រុម IS ដែលវាយលុកដណ្តើមផ្ទៃដីកាន់កាប់ស្ទើរពាក់កណ្តាលប្រទេស នៅតំបន់ភាគខាងកើតនៃប្រទេសស៊ីរី និងភាគខាងលិចប្រទេសអ៊ីរ៉ាក់ ហើយពេលនេះកំពុងគ្រប់គ្រងតំបន់ព្រំដែន តំណរភ្ជាប់ប្រទេសអ៊ីរ៉ាក់និងស៊ីរី បានដាច់ខាតសព្វគ្រប់អស់នោះ ។
ការដណ្តើមកាន់កាប់ភាគខាងកើតប្រទេសស៊ីរីរបស់ក្រុម IS ក្រៅពីប៉ះពាល់ដល់សន្តិសុខហើយនោះ នៅបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចទៀតផង ព្រោះតំបន់ភាគខាងកើតជាកំណប់ទ្រព្យ និងជា មណ្ឌលប្រមូលផ្តុំធនធានធម្មជាតិនិងរ៉ែ ដែលបង្កើតប្រាក់ចំណូលចូលឃ្លាំងដ៏ច្រើនសម្បើមក្នុងមួយឆ្នាំៗ ។
កាលពីចុងខែឧសភា ក្រុម IS បានវាយលុយដណ្តើមកាន់កាប់ទីក្រុងសាគិយ៉ាក់ និងទីក្រុង នីហ្វេស ជាប្រភពដ៏ធំ២នៃរ៉ែហ្វូសស្វាត មិនឆ្ងាយពីទីក្រុងបុរាណចំនាស់ 2,000 ឆ្នាំ ផាល់ម៉ៃរ៉ាស់ នៅភាគកណ្តាលដែលពួក IS ទើបនឹងដណ្តើមកាន់កាប់បានកាលពីថ្ងៃទី ២១ ខែឧសភា កន្លងទៅថ្មីៗនេះ ។
សាគិយ៉ាក់ ផលិតរ៉ែហ្វូសស្វាតបានយ៉ាងហោចណាស់ ៣ លានតោនក្នុងមួយឆ្នាំ ចំណែកទីក្រុងនីហ្វេស ផលិតបានក្នុង១ឆ្នាំ 850,000 តោន មុនពេលមានជម្លោះក្នុងខែមីនា ឆ្នាំ២០១១ ។ ស៊ីរីជាប្រទេសនាំចេញរ៉ែហ្វូសស្វាតដ៏ធំបំផុតលំដាប់ទី៥លើពិភពលោក ភាគច្រើនលក់ទៅឲ្យប្រទេសលីបង់ រ៉ូម៉ានី និងប្រទេសក្រិក ។
ក្នុងកំឡុងត្រីមាសដំបូងនៃឆ្នាំ ២០១១ ប្រទេសស៊ីរីបាននាំចេញរ៉ែហ្វូសស្វាតចំនួន 988,000 តោន បានចំណូលចូលឃ្លាំងចំនួន 63 លានដុល្លាសហរដ្ឋអាមេរិក ប៉ុន្តែនៅត្រីមាសទីមួយនៃឆ្នាំ ២០១៥ ស៊ីរីលក់រ៉ែហ្វូសស្វាតបានចំនួន 408,000 តោន ទាំងទីផ្សារក្នុងស្រុកនិងបរទេស បានប្រាក់ចំនួន 39 លានដុល្លាសហរដ្ឋអាមេរិក ។
ប្រទេសស៊ីរីបានប្រាក់ចំណូលពីការលក់ប្រេងមិនតិចផងដែរ ក្នុងឆ្នាំ ២០១១ លក់ប្រេងបាន យ៉ាងហោចណាស់តាមរយៈការឆ្នាំ 2554 ក៏ដូចជាការលក់ប្រេង 3,800 លានដុល្លា ឬប្រមាណជា 25 ភាគរយនៃប្រាក់ចំណូលចូលឃ្លាំងប្រទេសទាំងអស់ ។
ប៉ុន្តែទិន្នផលប្រេងនៅក្នុង ២០១១ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ កាលបើសហភាពអឺរ៉ុប (ឬ EU) ប្រកាសដាក់ទណ្ឌកម្មលើប្រេងស៊ីរី ចាត់ទុកជាការដាក់ទោសដែលកងទ័ពស៊ីរីវាយបង្រ្កាបគណបក្សប្រឆាំងរដ្ឋាភិបាលយ៉ាងឃោរឃៅព្រៃផ្សៃ ។
អណ្តូងប្រេងឆៅរបស់ស៊ីរីស្ទើរតែទាំងអស់ស្ថិតនៅតំបន់ភាគខាងកើត ហើយពេលនេះត្រូវបានពួក IS ដណ្តើមកាន់កាប់បានទាំងស្រុងហើយ មិនត្រឹមតែដណ្តើមយកទៅទេ ពួក IS ផលិតប្រេងលក់ខ្លួនឯងទៀតផង ដោយកាលពីខែកញ្ញា ឆ្នាំ ២០១៤ ក្រុម IS ផលិតប្រេងបានច្រើនជាងរដ្ឋាភិបាលរបស់លោក អាស់សាត គឺបានក្នុង១ថ្ងៃចំនួន 80,000 បារ៉ែល ខណៈដែលរដ្ឋាភិបាលផលិតបានក្នុង១ថ្ងៃត្រឹមតែ 17,000 បារ៉ែល ។
ដល់ដំណាច់ឆ្នាំទៅមិញ ការផលិតប្រេងជាផ្លូវការរបស់ស៊ីរីបានធ្លាក់ចុះសល់ត្រឹម១ថ្ងៃ 9,329 បារ៉ែលប្រៀបធៀបកាលពីមុនមានជម្លោះក្នុង ២០១១ ដែលផលិតបាន 380,000 បារ៉ែល ក្នុង១ថ្ងៃ ។
អ្វីដែលរងផលប៉ះពាល់ពីក្រុម IS តិចបំផុតនោះ គឺប្រភពឧស្ម័នធម្មជាតិ ព្រោះស្ទើរតែទាំងអស់ស្ថិតក្នុងតំបន់គ្រប់គ្រងដោយរដ្ឋាភិបាល ។
លោក សុឡៃម៉ាន អាល់អាប់បាស់ រដ្ឋមន្ត្រីប្រេងប្រទេសស៊ីរីបានឲ្យដឹងថា បច្ចុប្បន្នប្រទេស៊ីរីផលិតឧស្ម័នបានក្នុង១ថ្ងៃប្រមាណ ១០ លានម៉ែត្រគូប ប៉ុន្ដែមិនដែលបាននាំចេញទៅបរទេសនោះទេ ព្រោះប្រើជាវត្ថុធាតុដើមសំខាន់ សម្រាប់ការផលិតចរន្តអគ្គិសនី ។
ក្រុមឧទ្ទាម IS ទើបនឹងដណ្តើមកាន់កាប់បាននូវអណ្តូងឧស្ម័ន២កន្លែង ក្នុងទីក្រុងអារ៉ាក់ និងទីក្រុង អាល់ ហាអ៊ិល កាលពីដើមខែឧសភា ចំណែកដែលនៅសល់កំពុងរកមធ្យោបាយដណ្តើមកាន់កាប់ ។
មុនឆ្នាំ ២០១១ ស៊ីរីជាប្រទេសនាំចេញនូវផលិតផលកសិកម្មដ៏ធំ ផលិតផលវាយនភ័ សំលៀកបំពាក់ផលិតផលស្បែក ឳសថព្យាបាលរោគ ផ្កា និងផលិតផលសេរ៉ាមិច តែតម្លៃការនាំចេញបានធ្លាក់ចុះ ពី ១១៣ ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១០ សល់នៅត្រឹម 1,800 លានដុល្លា ក្នុងឆ្នាំ ២០១៤ ។ នៅពេលទីផ្សារនាំចេញរុះរោយ ស៊ីរី ត្រូវងាកមកពឹងពាក់ចំណូលដែលបានមកពីពន្ធគយ និងពន្ធលើប្រាក់ចំណូល ដែលនៅក្នុងឆ្នាំ ២០១៤ ទទួលបានប្រមាណ 550 លានដុល្លាសហរដ្ឋអាមេរិក ក្រៅពីនេះនៅទទួលបានប្រាក់កម្ចីពីប្រទេសអ៊ីរ៉ង់ ដែលមកដល់ខណៈនេះបានខ្ចីរួចទៅហើយ យ៉ាងហោចណាស់ 4,600 លានដុល្លារសហរដ្ឋអាមេរិក ។
នៅមិនទាន់ប្រាកដទេថា តើនៅចិត្តល្អបានយូរប៉ុណ្ណាទៀត ព្រោះប្រទេសអ៊ីរ៉ង់ក៏យ៉ាប់យ៉ឺនមិនចាញ់គ្នាដែរ លទ្ធផលកើតចេញពីការដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចរបស់ក្រុមប្រទេសលោកខាងលិចនោះឯង ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!