រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ៖ គិតត្រឹមថ្ងៃទី០៨ ខែកក្កដា ការបើកប្រាក់ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្របានចំនួនប្រមាណ ៥១ម៉ឺនគ្រួសារ
លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បញ្ជាក់ថា គិតត្រឹមថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២០ ការបើកប្រាក់ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពជា បានចំនួន ៥១០ ២៤៥ គ្រួសារ លើប្រមាណ ៥៦ម៉ឺនគ្រួសារ នៅទូទាំងប្រទេស ។
ការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បែបនេះ ធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងឳកាសដែលលោកចូលរួមក្នុងកិច្ចប្រជុំ ស្តីពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ក្នុងអំឡុងពេលប្រឆាំងជំងឺកូវីដ១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងអង្គការដៃគូ និងតំណាងក្រសួងពាក់ព័ន្ធ ជាច្រើនរូបទៀត ។
នៅក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្រ្តី វង សូត បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន សូមជូនដំណឹងដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលនៅសេសសល់មិនទាន់បានបើកប្រាក់ សូមអញ្ជើញរួសរាន់មកបើកឲ្យបានមុនថ្ងៃកំណត់ សម្រាប់ជុំទី១នេះ ដែលបានអនុវត្ដ ចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ។
លោករដ្ឋមន្ត្រី បន្តថា សម្រាប់ប្រជាពលរដ្ឋ ដែលធ្លាប់បានបើករួចហើយនៅខែមិថុនា (ជុំទី១) សូមអញ្ជើញទៅបើកជុំទី២ នៅថ្ងៃទី២៥ ខែកក្កដា រហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ដែលនេះជាការបើកក្នុងខែទី២ (ជុំទី២) របស់រាជរដ្ឋាភិបាលកម្ពុជា នៅតាមបណ្តាភ្ងាក់ងារវីង ( Wing ) តែម្តង មិនចាំបាច់ទៅឃុំ សង្កាត់ទៀតទេ ។
សូមបញ្ជាក់ថា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ គ្រួសារក្រីក្រ និងងាយរងគ្រោះ ត្រូវមានប័ណ្ណសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រ កម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងកំលុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសាលាឃុំ សង្កាត់៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!