លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាកសងវិញចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាកសងវិញចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដើម្បីជាការប៉ះប៉ូវចំពោះការមិនអនុញ្ញាតឱ្យឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី កាលពីខែមេសា កន្លងទៅ។
ការប្រកាសនេះបានធ្វើឡើង នៅក្នុងឱកាសដែលលោកបានអញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី និងជួបសំណេះសំណាលជាមួយ ប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ។
តែយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជម្រុញអោយក្រសួងសុខាភិបាល, ក្រសួងទេសចរណ៍, ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី ព្រមទាំងក្រសួងស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់សហការ និងពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាព វិធានការសុខាភិបាល និងអនាម័យ ព្រមទាំងធ្វើការផ្សព្វផ្សាយអប់រំ និងណែនាំប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដោយតម្រូវឲ្យអនុវត្តដាច់ខាតតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ក្នុងខែ សីហា ខាងមុខនេះ ផងដែរ ។
គួរកត់សម្គាល់ដែរថា កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យសម្រេចលើកពេលដោយមិនកំណត់ សម្រាប់ការឈប់សម្រាករយៈពេល៤ថ្ងៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយអំឡុងពេលនោះមន្រ្តីរាជការ កម្មករនិយោជិត ត្រូវបំពេញការងារជាធម្មតា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
រាជរដ្ឋាភិបាលមានការព្រួយបារម្ភថា អំឡុងពេលចូលឆ្នាំថ្មីនោះ បើសិនជាមានការអនុញ្ញាតឱ្យឈប់សម្រាក ពលរដ្ឋខ្មែរនឹងមានឱកាសជួបជុំគ្នាទទួលទានផ្សេងៗ ដែលងាយនឹងចម្លងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតយ៉ាងសាហាវនៅលើពិភពលោក ខណៈអំឡុងពេលនោះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១ជាបន្តបន្ទាប់ ដែលភាគច្រើនជាករណីនាំចូល ប៉ុន្តែមិនទាន់ឆ្លងដល់សហគមន៍នៅឡើយ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!