ក្រុមសកម្មប្រយុទ្ឋរដ្ឋអ៊ីស្លាមដណ្តើមបានក្រុងរ៉ាម៉ាឌីទាំងស្រុង
ទីក្រុងរបស់ប្រទេសអ៊ីរ៉ាក់ដ៏សំខាន់មួយគឺក្រុងរ៉ាម៉ាឌីបានធ្លាក់ក្នុងកណ្តាប់ដៃរបស់ក្រុមសកម្មប្រយុទ្ឋរដ្ឋអ៊ីស្លាមឬក្រុម ISIS កាលពីថ្ងៃអាទិត្យ បន្ទាប់ពីកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលបានដកចេញពីមូលដ្ឋានកងទ័ពនៅភាគខាងលិចទីក្រុងនេះ ។
អភិបាលក្រុ ងលោក ដាឡាស់ អាល់ គូបៃស៊ី និងមន្ត្រីសន្តិសុខ ជាន់ខ្ពស់អ៊ីរ៉ាក់ បានឱ្យដឹងថា ក្រុម ISIS បានបំផ្ទុះគ្រាប់បែកក្នុងរថយន្តជាបន្តបន្ទាប់កាលពីព្រឹកថ្ងៃអាទិត្យ។ ការផ្ទុះនេះបានបង្ខំឱ្យកងកម្លាំងសន្តិសុខអ៊ីរ៉ាក់និងយុទ្ធជនកុលសម្ព័ន្ធ ដកថយទៅ ភាគខាងកើត ទីក្រុងវិញ។
ការប៉ះទង្គិចគ្នានេះបានកើតមាននៅក្នុងរដ្ឋធានីនៃខេត្តអានបា ដែលត្រូវបានរឡោមព័ទ្ធអស់រយៈពេលជាច្រើនខែដោយពួកសកម្មប្រយុទ្ធ ISIS បានប្រយុទ្ធជាមួយ កងកម្លាំងអ៊ីរ៉ាក់និងសម្ព័ន្ធមិត្តដើម្បីដណ្តើមកាន់កាប់ ទីក្រុងនេះ ដែលជាទីតាំងជាយុទ្ធសាស្រ្តមួយដ៏សំខាន់នៅក្នុងប្រទេសអ៊ីរ៉ាក់មានចំងាយប្រហែលជា 110 គីឡូម៉ែត្រ (70 ម៉ាយល៍) ភាគខាងលិច ទីក្រុងបាដាដ។
ក្រុងរ៉ាម៉ាឌីដែលជាទីក្រុងធំបំផុតនៅភាគខាងលិចប្រទេសអ៊ីរ៉ាក់មានចំងាយឃ្លាតគ្នាតែប៉ុន្មានម៉ាយប៉ុណ្ណោះពីទីស្នាក់ការកងទ័ពអ៊ីរ៉ាក់ដែលក្រុម ISIS បានធ្វើការបំផ្ទុះនិងវាយប្រហារចាប់ពី ខែមីនាមក។សូមជំរាបជូនថា ក្រុមISIS បានគ្រប់គ្រងផ្នែកខ្លះនៃ ទីក្រុងនេះ នៅដើមឆ្នាំមុន ទីក្រុងនេះជាទីក្រុងយុទ្ឋសាស្ត្រមួយនៅក្នុងសង្រ្គាមដែលត្រូវប្រយុទ្ឋស្លាប់រស់ដើម្បីដណ្តើមយករវាងភាគីទាំងពីរ។
លោក Muhannad Haimour អ្នកនាំពាក្យរបស់អភិបាលខេត្តអានបារបានថ្លែងថា ក្រុមមន្ត្រីបានប៉ាន់ប្រមាណថាមនុស្សជាង 500 នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាថ្មីបំផុតនេះ ។មានរលកថ្មីនៃជនស៊ីវិល បានរត់ភៀសខ្លួនចេញពីទីក្រុងនេះ កាលពីថ្ងៃអាទិត្យដើម្បីធ្វើដំណើរឆ្ពោះទៅរកតំបន់ដែលមានសុវត្តិភាពតួយ៉ាងដូចជាទីក្រុងបាដាដ ក៏ប៉ុន្តែពួកគេមួយចំនួន បានជាប់នៅលើស្ពានមួយដែលជាច្រកចេញពីទីក្រុងនេះដោយពួកគេបាននិយាយថាមានការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅជុំវិញខ្លួនពួកគេបណ្តាលឲ្យមានការពិបាកក្នុងការធ្វើដំណើរ៕ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!