មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៖ មកទល់ពេលនេះ ពលរដ្ឋខ្មែរវិលត្រឡប់មកកម្ពុជាវិញជាង១០ម៉ឺននាក់ ក្នុងកំឡុងពេលជំងឺកូវីដ-១៩ កំពុងរាតត្បាតជាសកល
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អះអាងថា រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋខ្មែរ វិលត្រឡប់មកប្រទេសកម្ពុជាវិញ មានជាង ១០ម៉ឺននាក់ ហើយការវិលត្រឡប់មកវិញនេះ ដោយសារជំងឺកូវីដ-១៩ បានរីករាលដាលពេញសកលលោក ធ្វើឲ្យមានការបិទប្រទេស ជាដើម។
លោកស្រីអះអាងបែបនេះ នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់រវាងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិនៅកម្ពុជា ស្ដីពី កម្មវិធីរួមគ្នា ដើម្បីគាំទ្រជនទេសន្ដប្រវេសន៍ ដែលវិលត្រឡប់ ក្នុងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ និងផលប៉ះពាល់ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ ។
លោកស្រី ជូ ប៊ុនអេង បានអោយដឹងថា ស្ថានភាពជំងឺកូវីដ-១៩ មិនទាន់បានស្ងប់ស្ងាត់នៅឡើយទេ ហើយប្រទេសជិតខាងក្នុងតំបន់ នៅតែបន្ដឆ្លងជំងឺកូវីដ-១៩ ជាពិសេសនៅតែមានការបន្ដរឹតត្បិត ក្នុងការបិទព្រំដែន និងកាត់បន្ថយចរាចរណ៍ផលិតផល ដែលជាប្រភពនៃសេដ្ឋកិច្ចរបស់ខ្លួន ។
លោកស្រីរដ្ឋលេខាធិការ បន្ដថា រោងចក្រសហគ្រាស និងអាជីវកម្មជាច្រើន ត្រូវបានផ្អាកដែលធ្វើឲ្យពលករបាត់បង់ការងារ និងបានរុញច្រានឲ្យពលករទេសន្ដរប្រវេសន៍មួយចំនួន សម្រេចចិត្តវិលត្រឡប់មកស្រុកទេសរបស់ខ្លួនវិញ ទោះបីជាប្រឈមនឹងការហាមឃាត់ និងបិទព្រំដែនយ៉ាងណាក្ដី ។
លោកស្រី បានគូសបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២១ ខែមិនា ឆ្នាំ២០២០ ក្រោយការប្រកាសបិទព្រំដែនរបស់រាជរដ្ឋាភិបាលថៃ រហូតមកដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ មានប្រជាពលរដ្ឋកម្ពុជា ដែលវិលត្រឡប់ពីការធ្វើទេសន្ដរប្រវេសន៍នៅក្រៅប្រទេស ជាពិសេសនៅក្នុងប្រទេសថៃ មានចំនួនសរុបជាង ១០០ ៥៦៨ នាក់។
នៅក្នុងឱកាសនោះដែរ លោកស្រីរដ្ឋលេខាធិការ បានលើកឡើងថា ក្នុងទស្សនវិស័យរួម នៃការឆ្លើយតបទៅនឹងវិបត្តិការរាតត្បាតជំងឺកូវីដ-១៩ និងផលប៉ះពាល់លើវិស័យសេដ្ឋកិច្ច និងសង្គមជាសាកលនេះ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានចូលរួមគាំទ្រការអនុវត្តផែនការជាតិរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ ដោយផ្ដោកលើការទប់ស្កាត់ការចម្លង និងការឆ្លងក្នុងចំណោមក្រុមប្រជាពលរដ្ឋ ដែលទើបនឹងវិលត្រឡប់ពីការធ្វើទេសន្ដប្រវេសន៍ ដែលអាចបង្កើតស្ថានភាពរាលដាលទ្រុងទ្រាយធំនៅតាមសហគមន៍ និងរក្សាស្ថានភាពនៃការរស់នៅប្រកបដោយស្ថេរភាព នឹងភាពចុះសម្រុងជាមួយសហគមន៍មូលដ្ឋាន ក្នុងដំណាក់កាលនៃការធ្វើសមាហរណកម្មនេះ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!