លោក ហ៊ុន ម៉ាណែត ប្រកាសផ្លាស់ប្តូរមុខតំណែងមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣
នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានចូលរួមក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង ជូននាយទាហាន នៅកងពលតូចថ្មើរជើងលេខ ៥៣ ស្ថិតក្នុងភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។
ក្នុងពិធីនោះ ក៏មានវត្តមានឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ និងមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយការិយាល័យយោធភូមិភាគទី៥ ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន ចំណុះឱ្យយោធភូមិភាគទី៥ ផងដែរ ។
នៅក្នុងពិធីនោះ ត្រូវបានប្រកាសតែងតាំង ឧត្តមសេនីយ៍ត្រី កែវ សេងលន ជាមេបញ្ជាការកងពលតូចថ្មើរជើងលេខ ៥៣ ជំនួស ឧត្តមសេនីយ៍ឯក ជា ភួងភិរម្យ ដែលត្រូវទទួលមុខតំណែងថ្មី ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ត្រី ផេង ធី ក៏ត្រូវបានប្រកាសតែងតាំងជាមេបញ្ជាការរង និងជានាយសេនាធិការ នៃកងពលតូចថ្មើរជើងលេខ ៥៣ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!