ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ៤នាក់ លើកងទ័ពមួកខៀវកម្ពុជា
នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ៤នាក់ លើកងទ័ពមួកខៀវកម្ពុជា ដែលទើបត្រឡប់មកពីប្រទេសម៉ាលី ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល
ក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៤នាក់នេះ រួមមាន៖
* បុរសជនជាតិខ្មែរអាយុ ៣៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រះស្រែ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
* បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋាននៅខេត្តត្បូងឃ្មុំ
* បុរសជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិដំណាក់ចង្អើរ ខេត្តកែប
* ស្ត្រីជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅរាជធានីភ្នំពេញ
បច្ចុប្បន្ន អ្នកជំងឺជាបុរសទាំង ៣នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ និងអ្នកជំងឺជាស្ត្រី ១នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល បានអោយដឹងថា ក្រុមមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា សរុបចំនួន ៨០នាក់ (ស្រី ០៧នាក់) បានវិលត្រឡប់មកពីប្រទេសម៉ាលី មកកាន់កម្ពុជាវិញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ដែលតេស្តលើកទី១ របស់ពួកគាត់ គឺអវិជ្ជមានវីរុសកូវីដ-១៩ ហើយត្រូវបានដាក់ឱ្យនៅធ្វើចត្តាឡីស័កក្នុងមណ្ឌលកងទ័ពអង្គការសហប្រជាជាតិនៅខេត្តកំពង់ស្ពឺ ។ រហូតនៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់ក្រុមនេះ តេស្តលើកទីពីរត្រូវបានធ្វើនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ដែលបានទទួលលទ្ធផល វិជ្ជមានវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ៤នាក់ ខាងលើនេះ។
សូមជម្រាបថា គិតត្រឹមម៉ោង ០៧:០០ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២០២នាក់ ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១៤២នាក់ ខណៈអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប ៥៨នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ជាស្ត្រីជនជាតិ អាមេរិកកាំង០២នាក់៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!