រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកយុទ្ធនាការទប់ស្កាត់ជំងឺគ្រុនឈីក ក្រោយរកឃើញការផ្ទុះឡើងជំងឺនេះនៅក្នុងខេត្ត
ក្រោយមានការផ្ទុះឡើងជំងឺគ្រុនឈីក នៅក្នុងខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយជាមួយអាជ្ញាធរក្រុង ស្រុក មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យទូទាំងខេត្ត ដើម្បីដាក់ចេញផែនការអនុវត្តយុទ្ធនាការចុះអប់រំផ្សព្វផ្សាយ និងបាញ់ថ្នាំសម្លាប់មូសខ្លា ដាក់បាណក់ឃាត ឬថ្នាំអាបែត នៅភូមិគោលដៅ ដើម្បីជាការអន្តាគមន៍ទប់ស្កាត់ជម្ងឺគ្រុនឈីក និងជម្ងឺគ្រុនឈាម ដែលភ្នាក់ងារចម្លងជំងឺនេះ គឺមូសខ្លា ។
ក្នុងកិច្ចប្រជុំនេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្ត សូមប្រុងប្រយត្ន័ចំពោះការផ្ទុះឡើងវិញ នូវជម្ងឺគ្រុនឈីកនេះ ដោយត្រូវចូលរួមសហការអនុវត្តនូវវិធានការបំបាត់ជម្រកមូសខ្លា សំអាតអនាម័យបរិស្ថានតាមផ្ទះសម្បែង គេងក្នុងមុង និងបើមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅទទួលយកសេវាពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលនៅជិតផ្ទះបំផុត។
លោកអភិបាលខេត្ត បានជម្រុញអោយពលរដ្ឋចូលរួមផ្តល់ព័ត៌មានជូនទៅក្រុមទ្រទ្រង់សុខភាពភូមិ មេភូមិ និងអាជ្ញាធរមូលដ្ឋាន អំពីបញ្ហាជម្ងឺនេះ ឬព័ត៌មានសុខភាពផ្សេងៗ ដើម្បីឲ្យមន្ទីរសុខាភិបាលខេត្ត ការិយាល័យសុខាភិបាលប្រតិបត្តិស្រុក មណ្ឌលសុខភាព និងមន្ទីរពេទ្យជួយអន្តាគមន៍ បានឆាប់រហ័ស និងទាន់ពេលវេលា។
តាមរយៈលោកវេជ្ជៈបណ្ឌិត រឿន សុធី ប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា ជំងឺគ្រុនឈីក បង្កឡើងដោយវីរុសឈីក តាមរយៈមូសខ្លា ជំងឺនេះបង្កឡើងលើមនុស្សគ្រប់វ័យ។ ក្នុងនោះ រោគសញ្ញាមានសញ្ញាសំខាន់ ០៣ គឺ ១.គ្រុនក្តៅ ៣ទៅ ៤ថ្ងៃ ២.ឈឺសន្លាក់ឆ្អឹងជាច្រើនកន្លែង និង ៣ .មានស្នាមកន្ទួល ឬក្រហមលើស្បែក ។ ជំងឺនេះមិនបណ្តាលឲ្យអ្នកជំងឺស្លាប់នោះទេ លើកលែងតែមានជំងឺផ្សេងៗដូចជា ជំងឺគ្រុនឈាម គ្រុនចាញ់ ឬជំងឺរលាកស្រោមខួរ ជាដើម ។
លោក ឡេ ចន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រុមកាងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានបន្តចុះបាញ់ថ្នាំសម្លាប់មូសខ្លា នៅភូមិគោលដៅ ក្នុងក្រុងប៉ោយប៉ែត ដែលជាផ្នែកមួយនៃការអន្តរាគមន៍ទប់ស្កាត់ជម្ងឺគ្រុនឈីក និងជម្ងឺគ្រុនឈាម ម្តងហើយកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ ហើយក្រោយកិច្ចប្រជុំចប់ ក្រុមការងារនឹងបន្តយុទ្ធនាការចុះអប់រំផ្សព្វផ្សាយ និងបាញ់ថ្នាំសម្លាប់មូសខ្លា ដាក់បាណក់ឃាត ឬ ថ្នាំអាបែត បន្ថែមទៀត តាមផែនការនៃកិច្ចប្រជុំបន្ទាន់នេះ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!