រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា ការជ្រើសរើសក្របខ័ណ្ឌប៉ូលីសប៉ុស្តិ៍រដ្ឋបាល គឺត្រូវជ្រើសរើសមនុស្សនៅក្នុងមូលដ្ឋានផ្ទាល់
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវជ្រើសរើសបេក្ខជនដែលមានសមត្ថភាព ហើយរស់នៅក្នុងមូលដ្ឋាននោះផ្ទាល់ ដោយហេតុថា អ្នកទាំងនោះស្គាល់មូលដ្ឋានខ្លួនឯងយ៉ាងច្បាស់ និងងាយស្រួលធ្វើការងារជូនប្រជាពលរដ្ឋ និងគ្រប់គ្រងមូលដ្ឋានមានប្រសិទ្ធភាព ។
លោក ស ខេង ថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តផែនការយុទ្ធសាស្រ្ត រយៈពេល ៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារ សម្រាប់រយៈពេល ៥ឆ្នាំបន្ត របស់បណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ។
លោករដ្ឋមន្ត្រី ស ខេង បានលើកឡើងថា សព្វថ្ងៃនេះមន្ដ្រីនគរបាលនៅតាមមូលដ្ឋាន ងាយស្រួលរកណាស់ ពីព្រោះក្មួយៗមានចំណេះដឹងច្រើន ដោយលោក បានរំលឹកថា កាលសម័យមុនប៉ូលិសមួយចំនួនមិនចេះអក្សរឡើយ ហើយនៅសម័យនោះ រើសប៉ូលិសឲ្យតែបាន គ្មានគិតពីចំណេះឡើយ។
លោក ស ខេង បានបន្តថា ដើម្បីឲ្យការងារមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អ គឺតម្រូវអោយមន្រ្តីនគរបាលទាំងអស់ ត្រូវមានទាំងបទពិសោធ និងចំណេះដឹង ដែលចំនុចទាំងពីរនេះ ត្រូវដើរទន្ទឹមគ្នា ហើយមិនត្រូវមានអំនួតចំពោះបុគ្គលខ្លួនឯង ទាំងដែលខ្លួនគ្មានសមត្ថភាពបំពេញការងារបាននោះឡើយ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!