ប្រធាន និងអគ្គព្រះរាជអាជ្ញា នៃសាលាឧទ្ធរណ៍បាត់ដំបង ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ
នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការរបស់លោក សម ប៊ុនថុន ដែលត្រូវបានតែងតាំងជាប្រធានសាលាឧទ្ធរណ៍បាត់ដំបង, លោក នួន សាន ដែលត្រូវបានតែងតាំងជាអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង និងលោក គឺ ប៊ុណ្ណារ៉ា ដែលត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
នៅក្នុងពិធីនោះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា សាលាឧទ្ធរណ៍បាត់ដំបង និងសាលាឧទ្ធរណ៍ត្បូងឃ្មុំ គឺជាសាលាឧទ្ធរណ៍តំបន់ ដែលត្រូវបានដាក់ឱ្យដំណើរការដំបូងគេបង្អស់ជាប្រវត្តិសាស្រ្តនៅក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា ស្របតាមទិសដៅនៃកម្មវិធីកំណែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌ ដើម្បីបង្ខិតសេវាយុត្តិធម៌ឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ។
ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ឡើងវិញពីជំហរដ៏ម៉ឹងម៉ាត់របស់ក្រសួងយុត្តិធម៌ ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា និងរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងការបន្តពង្រឹងអភិបាលកិច្ចល្អក្នុងវិស័យយុត្តិធម៌ និងការពង្រឹងវិធានការវិន័យ ក្រមសីលធម៌ និងភាពស្អាតស្អំរបស់អង្គចៅក្រម សំដៅលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រម, លើកកម្ពស់គុណភាពនៃការកាត់ក្តីប្រកបដោយភាពត្រឹមត្រូវ និងយុតិ្តធម៌ ក៏ដូចជាលើកកម្ពស់ការផ្តល់សេវាយុត្តិធម៌ឱ្យមានភាពងាយស្រួល ឆាប់រហ័ស និងស្អាតស្អំ ដើម្បីពង្រឹងជំនឿទុកចិត្តពីសាធារណជនចំពោះវិស័យយុត្តិធម៌ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!