លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ- WATERGEN ៥ គ្រឿងដល់មន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញ
ដោយមើលឃើញអំពីតម្រូវការទឹកស្អាតចាំបាច់បំផុតសម្រាប់មន្ទីរពេទ្យ ជាពិសេសសម្រាប់ពលរដ្ឋ និងអ្នកជំងឺដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ជូនម៉ាស៊ីនចម្រុះទឹកស្អាត ដែលប្រើបច្ចេកវិទ្យាខ្ពស់ចំនួន ០៥គ្រឿង ដល់កាកបាទក្រហម និងមន្ទីរពេទ្យចំនួន ៤ ដែលរួមមាន ៖ មន្ទីរពេទ្យគន្ធបុប្ផា ចំនួន ០១ គ្រឿង ,មន្ទីរពេទ្យកាល់ម៉ែត ចំនួន ០១ គ្រឿង ,មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចំនួន ០១ គ្រឿង , និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០១ គ្រឿង ។ ដោយឡែកកាកបាទក្រហមកម្ពុជា ទទួលបានចំនួន ០១ គ្រឿង រួមជាមួយរថយន្តចល័ត និងម៉ាស៊ីងភ្លើងមួយឈុត ក្នុងការធ្វើសកម្មភាពមនុស្សធម៌នៅតាមមជ្ឈដ្ឋានទីសាធារណៈក្នុងប្រទេសកម្ពុជា ដែលអាចនឹងជួបគ្រោះរាំងស្ងួត ឬមានតម្រូវការប្រើប្រាស់ទឹកស្អាតជាចាំបាច់ ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលជាតំណាងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងធ្វើការប្រគល់ម៉ាស៊ីនចម្រោះទឹកខាងលើ ជូនទៅតំណាងមន្ទីរពេទ្យ ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍សាធារណៈ។
សូមជម្រាបដែរថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ- WATERGEN (ប្រភេទ GEN-M) គឺជាបច្ចេកវិទ្យារបស់ប្រទេសអ៊ីស្រាអែល មានសមត្ថភាពផលិតទឹកបរិសុទ្ធដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស (បានប្រមាណ ៨០០ លីត្រ ក្នុងមួយថ្ងៃ) ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ដែលអាចចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានផ្សេងៗ ថែមទៀតផង៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!