សហគមន៍ផ្តល់ជំនួយ បានបង្ហាញអំពីការតាំងចិត្ត និងបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកម្ពុជាសម្រេចបាននូវគោលដៅគ្មានមីននៅឆ្នាំ២០២៥
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីន ដើម្បីពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល និងការរៀបចំផែនការសកម្មភាពការងារឆ្នាំ២០២១ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
ក្នុងកិច្ចប្រជុំនោះ ក៏មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ , UNDP អូស្ត្រាលី ,ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិសាធារណៈរដ្ឋកូរ៉េ (KOICA) និងនូវែលសេឡង់ ផងដែរ ។
លោក លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល ដែលចាប់តាំងពីឆ្នាំ២០០៦ រហូតដល់ខែមិថុនា ឆ្នាំ២០២០ បានរំដោះផ្ទៃដី និងផ្តល់ដីមានសុវត្ថិភាព ពីការគម្រាមកំហែងដោយសារមីនបានប្រមាណ ២៤៥ គីឡូម៉ែត្រក្រឡា និងមានប្រជាពលរដ្ឋទទួលផលប្រមាណជាង ១ លាននាក់។
នៅក្នុងនោះ លោក លី ធុជ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដែលបានបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលរួមមាន ៖ UNDP ប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ និងប្រទេសនូវែលសេឡង់ ។
លោក លី ធុជ បានចាត់ទុកអង្គការ UNDP គឺជាដៃគូដ៏រឹងមាំ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។
ជាមួយគ្នានេះ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រទេសម្ចាស់ជំនួយដទៃទៀត រួមមាន ៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន កាណាដា អាល្លឺម៉ង់ និងប្រទេសស្វីស ដែលបានផ្តល់នូវទំនុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងបន្តគាំទ្រផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៨-២០២៥ ដែលប្រទេសម្ចាស់ជំនួយទាំងនោះ បានបង្ហាញអំពីការតាំងចិត្ត និងបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកម្ពុជាសម្រេចបាននូវគោលដៅគ្មានមីន ឆ្នាំ២០២៥ ផងដែរ ។
សូមជម្រាបជូនថា គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ មានរយៈពេល ៦ឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២៥ ដែលមានទំហំទឹកប្រាក់សរុបចំនួន ២០លានដុល្លារសហរដ្ឋអាមេរិក ដោយផ្តោតជាសំខាន់ទៅលើលទ្ធផលធំៗចំនួនបី ទី១-ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទី២-គាំទ្រសកម្មភាពកិច្ចសង្គ្រោះជនពិការ ការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងការបញ្ជ្រាបយេនឌ័រ និងទី៣-ពង្រឹងសមត្ថភាពថ្នាក់ជាតិ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!