លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អបអរសាទរ ខួប១១ឆ្នាំ នៃការដាក់បញ្ចូលសារមន្ទីរទួលស្លែងក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញសារអបអរសាទរ ខួប ១១ឆ្នាំ នៃការដាក់បញ្ចូលបណ្ណាសារសារមន្ទីរទួលស្លែងក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ ( ៣១ កក្កដា ២០០៩-៣១ កក្កដា ២០២០ ) ។
ការចេញសារអបអរសាទររបស់លោកនាយករដ្ឋមន្ត្រីនេះ បានធ្វើឡើងតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់លោក នៅព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ នេះ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា បណ្ណសារសារមន្ទីរទួលស្លែងបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក នៅខែកុម្ភៈ ឆ្នាំ២០០៨ ហើយបន្តទទួលចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក ថ្នាក់អន្តរជាតិ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០០៩ ។
លោកនាយករដ្ឋមន្ត្រី បានបន្តថា បច្ចុប្បន្នសារមន្ទីរទួលស្លែង កំពុងអនុវត្តគម្រោងអភិរក្ស និងថតចម្លងឯកសារឌីជីថលជិត៥០០,០០០ទំព័រ ទៅក្នុងប្រព័ន្ធកុំព្យូរទ័រ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈអង្គការយូណេស្កូ ផងដែរ ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារចម្រុះ ដែលមានសមាសភាពមកពីទីស្តីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការយូណេស្កូជាតិ ការិយាល័យយូណេស្កូភ្នំពេញ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (នាយកដ្ឋានសារមន្ទីរនិងសារមន្ទីរទួលស្លែង) ដែលបានសហការចូលរួមរៀបចំស្រាវជ្រាវ និងចងក្រងឯកសារស្នើសុំនេះឡើង ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!