តោះមកស្គាល់រោងចក្រផលិតស៊ីម៉ងត៍របស់កម្ពុជា ដែលកំពុងដំណើរការ នាពេលបច្ចុប្បន្ន
គិតត្រឹមឆ្នាំ ២០២០ នេះ ប្រទេសកម្ពុជា មានរោងចក្រស៊ីម៉ងត៏ចំនួន ៥ ដែលកំពុងដំណើរការផលិតស៊ីម៉ងត៏ ។ នេះបើយោងតាមការបង្ហាញអោយដឹងរបស់ក្រសួងរ៉ែ និងថាមពល ។
រោងចក្រស៊ីម៉ងត៏របស់កម្ពុជាទាំងចំនួន ៥ នោះ រួមមាន ៖
១. រោងចក្រផលិតស៊ីម៉ងត៍ កំពត ស៊ីមេន ខូអិលធីឌី ជារោងចក្រផលិតស៊ីម៉ងត៍ទី១ របស់ព្រះរាជាណាចក្រកម្ពុជា ។
រោងចក្រផលិតស៊ីម៉ងត៍ កំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) បានសម្ពោធដាក់ឱ្យដំណើរការនៅឆ្នាំ ២០០៨ ដែលមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ២លានតោនក្នុងមួយឆ្នាំ ។ រោងចក្រផលិតស៊ីម៉ងត៍ កំពត ស៊ីមេន ខូអិលធីឌី មានទីតាំងតំបន់ភ្នំទទុង ភ្នំទូកមាសខាងកើត ស្រុកបន្ទាយមាស និងភ្នំតូច ស្រុកដងទង់ ខេត្តកំពត ។
២. រោងចក្រផលិតស៊ីម៉ងត៍ កម្ពុជាចក្រីទីង ជារោងចក្រផលិតស៊ីម៉ងត៍ទី២ របស់ព្រះរាជាណាចក្រកម្ពុជា ។
រោងចក្រផលិតស៊ីម៉ងត៍ កម្ពុជាចក្រីទីង (Cambodia Cement Chakreyting Co,. Ltd) ត្រូវបានស្តារឡើងវិញ និងដាក់ឱ្យដំណើរការនៅឆ្នាំ ២០១៥ ដែលមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ១.១លានតោនក្នុងមួយឆ្នាំ។ រោងចក្រផលិតស៊ីម៉ងត៍ កម្ពុជាចក្រីទីង មានទីតាំងភ្នំបោះដំបង ស្រុកកំពត ខេត្តកំពត ។
៣. រោងចក្រផលិតស៊ីម៉ងត៍ ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ជារោងចក្រផលិតស៊ីម៉ងត៍ទី៣ របស់ព្រះរាជាណាចក្រកម្ពុជា ។
រោងចក្រផលិតស៊ីម៉ងត៍ ជីបម៉ុង អ៊ិនស៊ី ស៊ីមេន (Chip Mong Insee Cement Corporation) បានសម្ពោធដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ ២០១៨ ដែលមានសមត្ថភាពផលិតស៊ីម៉ងត៍ ប្រមាណ១,៧លានតោនក្នុងមួយឆ្នាំ ។ រោងចក្រផលិតស៊ីម៉ងត៍ ជីបម៉ុង អ៊ិនស៊ី ស៊ីមេន មានទីតាំងគម្រោង ក្នុងតំបន់ភ្នំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។
៤. រោងចក្រផលិតស៊ីម៉ងត៍ បាត់ដំបង ខ័នស៍ ស៊ីមេន លីមីតធីត ជារោងចក្រផលិតស៊ីម៉ងត៍ទី៤ របស់ព្រះរាជាណាចក្រកម្ពុជា ។ រោងចក្រផលិតស៊ីម៉ងត៍ បាត់ដំបង ខ័នស៍ ស៊ីមេន លីមីតធីត (Battambang Conch Cement Company Limited) បានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១៨ ដែលមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ២លានតោនក្នុងមួយឆ្នាំ ។ រោងចក្រផលិតស៊ីម៉ងត៍ បាត់ដំបង ខ័នស៍ ស៊ីមេន លីមីតធីត មានទីតាំងគម្រោង តំបន់ភ្នំដូនម៉ាយ ឃុំល្ពៅ ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង ។
៥. រោងចក្រផលិតស៊ីម៉ងត៍ ថៃប៊ុនរ៉ុង ជារោងចក្រផលិតស៊ីម៉ងត៍ទី៥ របស់ព្រះរាជាណាចក្រកម្ពុជា ។
រោងចក្រផលិតស៊ីម៉ងត៍ ថៃប៊ុនរ៉ុង (THAI BOON ROONG CEMENT CO.,LTD) បានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ ២០១៩ ដែលមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ០.៩លានតោនក្នុងមួយឆ្នាំ ។ រោងចក្រផលិតស៊ីម៉ងត៍ ថៃប៊ុនរ៉ុង
ទីតាំងគម្រោង៖ ភ្នំល្អាង ឃុំល្អាង ស្រុកដងទុង ខេត្តកំពត ។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!