រាជរដ្ឋាភិបាលពង្រីកតំបន់ការពារធម្មជាតិបាន ៦៦ លើផ្ទៃដី ៧,២លានហិកតា ស្មើនឹង ៤១% នៃផ្ទៃដីទូទាំងប្រទេស
លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអោយដឹងថា តាមរយៈការធ្វើទំនើបកម្មស្ថាប័ន ការធ្វើកំណែទម្រង់មុខងារអភិរក្ស និងមុខងារអភិវឌ្ឍន៍ រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកតំបន់ការពារធម្មជាតិ រហូតមកទល់ពេលនេះ មានចំនួន ៦៦ មានផ្ទៃដីសរុបទំហំ ៧,២ លានហិកតា ស្មើនឹង ៤១% នៃផ្ទៃដីទូទាំងប្រទេស ។
ការលើកឡើងរបស់លោក សៅ សុភាព បែបនេះ ធ្វើឡើងក្នុងពិធីបើកវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ក្រោមប្រធានបទ «ជំរុញផលិតកម្មអាហារនៅមូលដ្ឋាន ដើម្បីទាក់ទាញទេសចរ» កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នាខេត្តសៀមរាប ។
ក្នុងឳកាសនោះ លោក សៅ សុភាព បានបថ្លែងថា នេះគឺជាវេទិកាលើក ទី ១០ ក្រោមប្រធានបទ៖ « ជំរុញផលិតកម្មអាហារនៅមូលដ្ឋាន ដើម្បីទាក់ទាញទេសចរ» ដែលធ្វើឡើង ក្នុងគោលបំណង ៖
- ពិនិត្យវឌ្ឍនភាពនៃការគ្រប់គ្រងធនធានធម្មជាតិ បញ្ហាប្រឈម និងតម្រូវការនានា ការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិ ដោយនិរន្តរភាព ពិសេស គឺបញ្ហាគ្រប់គ្រងដីរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន។
- ចែករំលែកបទពិសោធន៍ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈម ក្នុងការផ្តល់សេវាកម្មទេសចរណ៍ ក្នុងកាលទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។
- ពង្រីកសក្តានុពល និងការរៀបចំផលិតផលទេសចរណ៍នៅតាមសហគមន៍ ពិសេសការលើកកម្ពស់ការរៀបចំម្ហូបអាហារនៅមូលដ្ឋានឱ្យមានគុណភាព និងសុវត្ថិភាពស្របតាមស្តង់ដារ ។
- បង្កើនភាពជាម្ចាស់របស់សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធនានានៅថ្នាក់ក្រោមជាតិ ក្នុងការងារអភិបាលកិច្ចធនធានធម្មជាតិ និងការទទួលខុសត្រូវ ។
- ពង្រឹងកិច្ចសហការរវាងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការការពារធនធានធម្មជាតិ ៕
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!