អភិបាលរងខេត្ត ៖ ខេត្តសៀមរាប មានតំបន់ការពារធម្មជាតិចំនួន ៨កន្លែង គ្របដណ្តប់លើផ្ទៃដីសរុបប្រមាណ ២៣៣,៦៨៨ ហិកតា
អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា បច្ចុបុ្បន្ន ខេត្តសៀមរាប មានតំបន់ការពារធម្មជាតិចំនួន ៨កន្លែង គ្របដណ្តប់លើផ្ទៃដីសរុបប្រមាណ ២៣៣,៦៨៨ ហិកតា ។
លោកអភិបាលរងខេត្តសៀមរាប បញ្ជាក់បែបនេះ នៅក្នុងពិធីបើកវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ក្រោមប្រធានបទ «ជំរុញផលិតកម្មអាហារនៅមូលដ្ឋាន ដើម្បីទាក់ទាញទេសចរ» កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅខេត្តសៀមរាប ។
លោក ង៉ាន់ ចំរើន បានថ្លែងអោយដឹងថា តំបន់ការពារធម្មជាតិទាំង ៨ កន្លែងនោះ រួមមាន៖ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» មានផ្ទៃដីទំហំ ៣៧,៣៧៣ហិកតា , តំបន់ការពារទេសភាពអង្គរ មានផ្ទៃដីទំហំ ១០,៨០០ហិកតា , តំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប មានផ្ទៃដីទំហំ ៤,៨៧១ ហិកតា , ដែនជម្រកសត្វព្រៃបឹងពែរ មានផ្ទៃដីទំហំ ៣៧,៤៦៩ហិកតា , ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព មានផ្ទៃដីទំហំ ៤២,៩០៣ហិកតា , ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក មានផ្ទៃដីទំហំ ១៧,៥៦៩ហិកតា , តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប មានផ្ទៃដីទំហំ ៧៧,៧០៣ហិកតា និងតំបន់ស្នូលបឹងទន្លេឆ្មារ (តំបន់រ៉ាមសារ ) មានផ្ទៃដីទំហំ ៥០,០០ហិកតា ។
លោកអភិបាលរងខេត្តរូបនេះ បានបន្តអោយដឹងទៀតថា ក្រៅពីតំបន់ការពារធម្មជាតិនេះ ខេត្តសៀមរាប ក៏មានសហគមន៍តំបន់ការពារធម្មជាតិសរុបទាំងអស់ចំនួន ១០សហគមន៍ សហគមន៍ព្រៃឈើចំនួន ៥៣សហគមន៍ និងសហគមន៍នេសាទ ២៣សហគមន៍ ដែលស្ថិតនៅក្នុង និងនៅក្បែរតំបន់ការពារធម្មជាតិទាំង៨ ។
លោកអភិបាលរងខេត្ត លើកឡើងថា ទាំងនេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីសក្តានុពលធនធានធម្មជាតិ ដ៏សម្បូរបែបរបស់ខេត្តសៀមរាប ។
សួមជម្រាបជូនថា នាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកតំបន់ការពារធម្មជាតិ ចំនួន ៦៦ មានផ្ទៃដីសរុបទំហំ ៧,២ លានហិកតា ស្មើនឹង ៤១% នៃផ្ទៃដីទូទាំងប្រទេស ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!