ក្រសួងជំនាញ រៀបចំកិច្ចប្រជុំតុមូល ស្ដីពី ផលិតកម្មចំណីសត្វសម្រាប់ឧស្សាហកម្មក្នុងស្រុក និងកសិដ្ឋាន
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ចូលរួមកិច្ចប្រជុំតុមូល ស្ដីពី ផលិតកម្មចំណីសត្វសម្រាប់ឧស្សាហកម្មក្នុងស្រុក និងកសិដ្ឋាន ។
កិច្ចប្រជុំតុមូលនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ។
គួរកត់សម្គាល់ថា ការរៀបចំកិច្ចប្រជុំតុមូល ជាមួយអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជន ផងដែរនោះ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យអំពីលទ្ធភាពរបស់ប្រទេសកម្ពុជាក្នុងការផលិតចំណីសត្វ តម្លៃអគ្គិសនី បញ្ហាប្រឈមពាក់ព័ន្ធនឹងវិស័យសហគ្រាសធន់តូច និងមធ្យមកម្ពុជា SME ដើម្បីបង្កើនភាពជាម្ចាស់ការ ការវិនិយោគក្នុងស្រុក កាត់បន្ថយការនាំចូល និងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ ជាដើម ។
ក្នុងកិច្ចប្រជុំតុមូលនេះ បានធ្វើការពិភាក្សាលើបញ្ហាប្រឈមទាំងឡាយរបស់កសិករនៅក្នុងខ្សែច្រវ៉ាក់នៃការចិញ្ចឹមសត្វ និងការធ្វើវារីវប្បកម្ម ដើម្បីឈានទៅដល់ការធ្វើផលិតកម្មរបស់ខ្លួនប្រកបដោយការប្រគួតប្រជែងបានជាមួយប្រទេសជិតខាង ដោយផ្ដោតសំខាន់ទៅលើប្រធានបទមួយចំនួន រួមមាន ៖
១. លើកកម្ពស់ផលិតភាពផលិតកម្មចំណីសត្វក្នុងស្រុក ប្រកបដោយគុណភាពឲ្យបានគ្រប់គ្រាន់ និងមានភាពប្រគួតប្រជែង។
២. ធានាបរិមាណផ្គត់ផ្គង់សាច់សត្វ និងត្រីឱ្យដល់ទីផ្សារក្នុងស្រុកគ្រប់គ្រាន់ ប្រកបដោយគុណភាព និងសុវត្ថិភាព។
៣. ចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់អ្នកចិញ្ចឹមរបស់កសិករ ។
៤. ពង្រីកសក្តានុពលវិនិយោគលើការបង្កើតកសិដ្ឋានចិញ្ចឹមសត្វ រោងចក្រផលិតចំណីសត្វ ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងបង្កើតការងារនៅមូលដ្ឋានផ្ទាល់ ។
សួមជម្រាបថា ការរៀបចំកិច្ចប្រជុំតុមូលនេះឡើង ស្របទៅនឹងអនុសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានលើកឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកសិករ វារីវប្បកម្មនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រីទឹកសាបបាទី កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅស្រុកពាមរក៍ ខេត្តព្រៃវែង ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!