អាជ្ញាធរ ដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាប់គាំងនៅកោះរ៉ុងបានចំនួន ៦២១នាក់
អភិបាលខេត្តព្រះសីហនុ ចុះអន្តរាគមន៍រៀបចំទូកទេសចរណ៍ខ្នាតធំល្បឿនលឿនចំនួន ៣គ្រឿង សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរណ៍ ដែលជាប់គាំងនៅក្រុងកោះរ៉ុង(កោះរ៉ុង និងកោះរ៉ុងសន្លឹម) ។
ការចុះអន្តរាគមន៍នេះ បានធ្វើឡើងនារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២០ ដែលដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ។
គួរកត់សម្គាល់ថា ភ្ញៀវទេសចរណ៍ដែលត្រូវបានដឹកជញ្ជូនមកកាន់ក្រុងព្រះសីហនុមានចំនួនសរុប ៦២១នាក់ ក្នុងនោះស្រី២១៥នាក់ ជនបរទេស ៥០នាក់ ស្រី ២៤នាក់ ក្មេង ៩៦នាក់ និងទារក ៦នាក់ ដែលបានអញ្ជើញទៅលេងកំសាន្តនៅក្រុងកោះរ៉ុង មុនថ្ងៃដែលមានភ្លៀងធ្លាក់ខ្លាំង និងរលកខ្ពស់ ដោយរងឥទ្ធិពលពីព្យុះទី៣ ឈ្មោះសុីនឡាគូ។
ក្នុងកិច្ចអន្តារាគមន៍នេះ បានប្រើប្រាស់ទូកល្បឿនលឿនចំនួន ៣គ្រឿង និងធ្វើការដឹកញ្ជូនចំនួន ២ជើង៖
-ជើងទី១ ចំនួន ៤០៥នាក់ ស្រី ១៤៣នាក់ (ក្មេងចំនួន ៤១នាក់ និងទារកចំនួន ៦នាក់)
-ជើងទី២ ចំនួន ២១៦នាក់ ស្រី ៧២នាក់ (ក្មេងចំនួន ២៣នាក់)។
ភ្ញៀវទេសចរណ៍ទាំងអស់ ត្រូវបានដឹកជញ្ជូនទៅកាន់គោលដៅរៀងៗខ្លួន ដោយប្រើប្រាស់រថយន្តក្រុងចំនួន៨គ្រឿង៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!