សៀមរាប នឹងរៀបចំកម្មវិធីកំសាន្តតាមបែបប្រពៃណី សាសនា ពិព័រណ៍ ជិះកង់ និងកម្មវិធីផ្សេងៗ ថ្ងៃឈប់សម្រាកខាងមុខ
រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំកម្មវិធីកំសាន្តតាមបែបប្រពៃណី សាសនា ពិព័រណ៍ ជិះកង់ និងកម្មវិធីផ្សេងៗជាច្រើនទៀត ដោយអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ក្នុងឳកាសថ្ងៃឈប់សម្រាករយៈពេលជាងមួយសប្ដាហ៍ពេញ ពាក់កណ្ដាលខែ សីហា នេះ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប បានអោយដឹងថា រដ្ឋបាលខេត្ត បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បាននឹងកំពុងត្រៀមរៀបចំទទួលភ្ញៀវទេសចរ ក្នុងឱកាសឈប់សម្រាកសងថ្ងៃឈប់សម្រាកសម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០។
រដ្ឋបាលខេត្ត បានបង្ហាញថា កម្មវិធីកំសាន្តដែលបានគ្រោងរៀបចំ រួមមាន៖ កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ, កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២ នៃខេត្តសៀមរាប , កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប ,ផ្សារទឹក , ផាប់ស្ទ្រីត , កម្មវិធីជិះកង់ ,កម្មវិធីកីឡាវាយកូនហ្គោល,កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន , ផ្ទាំងទស្សនីយភាពសិល្បៈ ជាដើម ។
តែយ៉ាងណាក្ដី រដ្ឋបាលខេត្ត បានគូសបញ្ជាក់ថា ស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩ រដ្ឋបាលខេត្ត បានគិតគូរ និងទទូចដល់ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរណ៍ ចូលរួមអនុវត្តវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល អោយបានខ្ជាប់ខ្ជួន ដោយត្រូវពាក់ម៉ាស់ ឬក្រម៉ា , កុំភ្លេចជែល ឬអាល់កុលលាងដៃ ជាប់តាមខ្លួនជានិច្ច និងត្រូវរក្សាគម្លាតសុវត្ថិភាព ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!