ក្នុងខែកក្កដា ឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង ៧៤ម៉ឺននាក់
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា សម្រាប់ខែកក្កដា ឆ្នាំ២០២០ ភ្ញៀវទេសចរផ្ទៃក្នុង ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសមានចំនួនសរុប ៧៤០,០២៨នាក់ កើនឡើង ១៥.២% ធៀបនឹងខែមិថុនា ។ ក្នុងនោះ ភ្ញៀវជាតិមាន ៧២៣,២៣៨នាក់ កើនឡើង ១៥.៣៥% និងភ្ញៀវបរទេសមាន ១៦,៧៩០នាក់ កើនឡើង ៩.៩៩%។
លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ជាការកត់សម្គាល់ ក្នុងខែកក្កដា ចំនួនភ្ញៀវទេសចរផ្ទៃក្នុង បានកើនឡើងដល់ជាង ៧៤ម៉ឺននាក់ គឺស្មើនឹងប្រមាណ ៧៥% នៃភ្ញៀវទេសចរផ្ទៃក្នុង មុននឹងជំងឺកូវីដ១៩ ដែលលើសពីបណ្តាខែកន្លងមក ដែលមានចំនួនត្រឹមតែ ៦០-៦៥% ប៉ុណ្ណោះ ។
លោករដ្ឋមន្ត្រី បន្តថា នេះបង្ហាញពីសញ្ញាកាន់តែវិជ្ជមាននៃចលនាទេសចរណ៍ផ្ទៃក្នុង ខណៈដែលអាជីវកម្មទេសចរណ៍កាន់តែច្រើន ពិសេសសណ្ឋាគារ និងសេវាស្នាក់នៅនានា បានបើកដំណើរការឡើងវិញជាហូហែរ ។
ប៉ុន្តែ លោករដ្ឋមន្ត្រី ថោង ខុន បានគូសបញ្ជាក់ថា ចំនួនភ្ញៀវហាក់មានភាពថមថយនៅសប្តាហ៍ចុងក្រោយ នៃខែកក្កដា ដោយសារអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំងស្ទើរទូទាំងប្រទេស ស្របជាមួយនឹងព័ត៌មាននៃការផ្ទុះឡើងវិញមួយចំនួននៃជំងឺកូវីដ១៩ នៅប្រទេសជិតខាង ផងដែរ ។
តែយ៉ាងណាក្ដី រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ បានបញ្ជាក់ថា នៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស មានការយកចិត្តទុកដាក់ខិតខំជំរុញការអនុវត្តនូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពសុវត្ថិភាពរបស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយមានការចុះណែនាំ និងតាមដានការអនុវត្តជាប្រចាំពីគណៈអភិបាលខេត្ត និងមន្ទីរជំនាញ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!