គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ ២០២១
គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន សម្រេចបានការសាងសង់ប្រមាណ ៧០ % ហើយ គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ ២០២១ ។ នេះជាការបញ្ជាក់អោយដឹងរបស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងឳកាសលោកចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអននេះ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ។
លោករដ្ឋមន្ត្រី លឹម គានហោ បានអោយដឹងថា គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ជាគម្រោងមួយក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ ដែលគម្រោងនេះ បានចាប់ផ្តើមធ្វើការសាងសង់កាលពីខែមករា ឆ្នាំ ២០១៩ ដោយគិតមកដល់ពេលនេះ ការងារសាងសង់សម្រេចបានប្រមាណ ៧០ % ហើយ ដែលគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ ២០២១ ។
លោករដ្ឋមន្ត្រី បានបន្តថា ក្រោយការសាងសង់ត្រូវបានបញ្ចប់ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន នេះ អាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ១១.០០០ ហិកតា និងផ្ទៃដីស្រូវប្រាំងបាន ចំនួន ៤.០០០ ហិកតា ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី លឹម គានហោ បានលើកឡើងថា គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន គឺជាក្តីស្រមៃរបស់លោកជាយូរណាស់មកហើយ ដែលចង់បាននូវសំណង់ដូចនេះ តែពេលនេះ ក្ដីស្រម៉ៃរបស់លោក បានក្លាយជាការពិតហើយ ។
លោករដ្ឋមន្ត្រី បន្តថាទៀតថា គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ជាប្រព័ន្ធធារាសាស្រ្តមួយស្ថិតនៅលើដងស្ទឹងសង្កែ ដែលមានប្រព័ន្ធបញ្ជាដោយស្វ័យប្រវត្តិតាមរយៈកុំព្យូទ័រ ហេីយក៏ជាគម្រោងទី ៣ បន្ទាប់ពីគម្រោងពហុបំណងសេកសក និងទំនប់កង្ហត ក្នុងការស្ទាក់ទឹកទុក មុននឹងហូរទៅទន្លេសាប ។
លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា គម្រោងនេះ មិនត្រឹមតែផ្តល់ទឹកសម្រាប់បម្រើឲ្យការងារស្រោចស្រព ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកថ្មគោល ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងផ្ទាល់តែម្តង ដោយមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ បញ្ចៀសបាននូវការគម្រាមកំហែងពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលតែងតែយាយីជារៀងរាល់ឆ្នាំ ផងដែរ ។
លើសពីនេះ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ក៏ជាតំបន់ទេសចរណ៍ និងជាកន្លែងកំសាន្តដ៏ទាក់ទាញមួយ សម្រាប់ភ្ញៀវទេសចរណ៍កាន់តែច្រើនចូលមកកាន់ខេត្តបាត់ដំបង នេះទៀតផង ។
សូមជម្រាបជូនដែរថា ទំហំការងារដែលបាន និងកំពុងអនុវត្តន៍លើគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន នេះ រួមមាន ៖ សាងសង់ប្រឡាយពង្វាងទឹកតាមមាត់ស្ទឹង ០១ ខ្សែ ប្រវែង ៣៨០ ម៉ែត្រ ,សាងសង់សំណង់ទ្វារទឹកស្ទាក់ស្ទឹងសង្កែ ប្រវែង ៧៤ ម៉ែត្រ ចំនួន ០១ កន្លែង , សាងសង់ប្រឡាយធ្វើពីបេតុង ចំនួន ០៤ ខ្សែ ប្រវែង ១៧,៧៧ គីឡូម៉ែត្រ ,សាងសង់សំណង់ក្បាលហុង ចំនួន ០៤ កន្លែង , សាងសង់សំណង់ស្ទាក់ទឹកប្រឡាយមេ ចំនួន ១៣ កន្លែង , សាងសង់សំណង់ចែកចាយទឹក ចំនួន ២១ កន្លែង , សាងសង់ស្ពានឆ្លងកាត់ប្រឡាយ ចំនួន ២៣ កន្លែង និង សាងសង់ជណ្តើរចុះក្នុងប្រឡាយមេ សម្រាប់អ្នកភូមិប្រើប្រាស់ ចំនួន ២៧៤ កន្លែង ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!