រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៖កម្ពុជាមានឆន្ទៈខ្ពស់ក្នុងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដើម្បីធានាដល់ការគោរពសិទ្ធិមនុស្ស
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈនយោបាយខ្ពស់ និងការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដើម្បីសំដៅធានាដល់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដោយពង្រឹងការអនុវត្តច្បាប់ជាតិ បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ជាពិសេសខិតខំបង្ការអំពើរទារុណកម្ម ឬប្រព្រឹត្តកម្មមិនគប្បីណាមួយ កុំអោយកើតមានលើជនដែលត្រូវបានដកហូតសេរីភាព ។
លោក ស ខេង បានលើកឡើងបែបនេះ នៅក្នុងពីធីប្រកាសចូលកាន់មុខតំណែងរបស់សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ការបំពាក់ឋាន្តរសក្តិ និងបំពាក់គ្រឿងឥស្សរយសជូនមន្ត្រីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ។
លោករដ្ឋមន្ត្រី ស ខេង បានបន្តថា ដើម្បីឱ្យការអនុវត្តកិច្ចការនេះ ទទួលបានជោគជ័យ និងមានប្រសិទ្ធភាពនោះ គឺទាមទារឱ្យមន្ត្រីសាធារណៈ និងអាជ្ញាធរមានសមត្ថកិច្ចទទួលបន្ទុកគ្រប់គ្រងជនដែលត្រូវបានដកហូតសិទ្ធិសេរីភាព ត្រូវផ្លាស់ប្តូរផ្នត់គំនិត ឥរិយាបទ និងអាកប្បកិរិយារបស់ខ្លួន ជុំវិញការឃាត់ខ្លួន ការឃុំខ្លួន ការអប់រំកែប្រែ ការព្យាបាល ការស្តារនីតិសម្បទាជនទាំងនោះ។
លោករដ្ឋមន្ត្រី បានគួសបញ្ជាក់ថា ការធ្វើទារុណកម្ម និងប្រព្រឹត្តកម្មមិនគប្បីណាមួយ ជាអំពើឃោឃៅ អមនុស្សធម៌ ហើយវាក៏មិនមែនជាវិធានការចាំបាច់ដែលត្រូវយកមកអនុវត្តចំពោះជនទាំងនោះឡើយ ផ្ទុយទៅវិញប្រព្រឹត្តកម្មបែបនេះ ជាអំពើខុសច្បាប់ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលមិនអាចទទួលបានលទ្ធផលវិជ្ជមាន ដូចការចង់បាននោះទេ ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងផ្តល់ការឈឺចាប់ដល់ជនទាំងនោះ ហើយអាចបង្កើតឡើងនូវគំនុំគុំគួនគ្នាមិនចេះចប់ ទៀតផង ។
ជាមួយគ្នានេះ លោក ស ខេង បានអោយដឹងថា កន្លងមក ក្រសួងមហាផ្ទៃ ក៏បានចេញលិខិត ស្តីពី ការចុះអប់រំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ពាក់ព័ន្ធនឹងការធ្វើទារុណកម្ម និងការចុះអង្កេត ត្រួតពិនិត្យពន្ធនាគារ និងទីកន្លែងឃុំឃាំងបណ្តោះអាសន្ននានា នៅតាមរាជធានី-ខេត្ត ផងដែរ ដោយក្រសួង មិនបានផ្តល់ដំណឹងជាមុនដល់គណៈអភិបាលរាជធានី -ខេត្ត អាជ្ញាធរគ្រប់គ្រងពន្ធនាគារ និងកន្លែងឃុំឃាំង ឬកន្លែងដកហូតសេរីភាពបណ្តោះអាសន្ននៅតាមរាជធានី-ខេត្ត នោះទេ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដែលចុះបំពេញការងារ ជាពិសេសករណីដែលមានបាតុភាពជាក់ស្តែងកើតឡើង៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!