ក្រសួងមហាផ្ទៃ កំពុងស៊ើបអង្កេតលើករណីស្នងការខេត្តកំពង់ធំ ប្រើទង្វើអសីលធម៌ និងបំពានលើមន្ត្រីនគរបាលជានារី
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់អោយក្រុមការងារក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ចុះស៊ើបអង្កេតលើភាពមិនប្រក្រតីរបស់ស្នងការនគរបាលខេត្តកំពង់ធំ ដែលទាក់ទិននឹងការប្រើទង្វើអសីលធម៌ និងបំពានលើមន្ត្រីនគរបាលជានារី ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២០ លោក ស ខេង បានលើកឡើងថា ក្រោយទទួលបានព័ត៌មានអំពីករណីនេះ រួចហើយ លោក ក៏បានបញ្ជូនករណីនេះទៅលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ដើម្បីធ្វើការពិនិត្យទៅលើករណីនេះ ផងដែរ ។
តែយ៉ាងណាក្ដី លោករដ្ឋមន្ត្រី ស ខេង បានបញ្ជាក់ថា រឿងនេះមិនមែនជាករណីថ្មី នោះទេ ជារឿងយូរមកហើយ ប៉ុន្តែដោយសារនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំមានបញ្ហា ទើបត្រូវរង់ចាំក្រុមការងារធ្វើការពិនិត្យ ជាមុនសិន ដោយនៅពេលនេះ លោក មិនទាន់អាចសម្រេចធ្វើការដោះស្រាយយ៉ាងណានៅឡើយទេ ។
ជាមួយគ្នានេះ លោក ស ខេង បានលើកឡើងដែរថា កន្លងមក លោកធ្លាប់បានធ្វើលិខិតព្រមានម្តងរួចហើយ ដោយក្នុងនោះ លោកក៏ធ្លាប់បានសន្យាថា ក្រោយពីការព្រមានហើយ បើមិនមានការកែប្រែនោះ លោកនឹងមានវិធានការជាបន្តទៀត គឺការដកចេញ ឬចាត់វិធានការរដ្ឋបាលធ្ងន់ធ្ងរណាមួយទៅលើមន្ត្រីនគរបាលទាំងនោះ ។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា បើពិតជាមានករណីបៀតបៀន ឬ ប្រព្រឹត្តទង្វើមិនគប្បីណាមួយ និងការបំពានលើមន្ត្រីនគរបាលជានារី កើតឡើងមែននោះ លោកនឹងចាត់វិធានការតាមផ្លូវច្បាប់ តែម្ដង ។
សូមជម្រាបជុនថា យោងតាមលិខិតចុះថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២០ ដែលមានស្នាមផ្តិតមេដៃចំនួន ៤ របស់នគរបាលនារីនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ផ្ញើជូនលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអោយដឹងថា ពួកគេត្រូវបានលោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដែលជាមេរបស់ពួកគេ បានប្រព្រឹត្តអំពើមិនគប្បីលើពួកគេតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ប៉ុន្តែពួកគេមិនហ៊ានធ្វើការតវ៉ា ដោយសាររងការគំរាមកំហែងពីលោក អ៊ុក កុសល និងខ្លាចប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរជាស្ត្រីភេទ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!