លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣
នៅព្រឹកថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ តាមរយៈប្រព័ន្ធវីដេអូ នៅវិមានសន្តិភាព។
កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ នៅឆ្នាំ២០២០ នេះ គឺប្រទេសឡាវ ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ដែលមាន លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ធ្វើជាសហប្រធាននៃកិច្ចប្រជុំ ដោយស្ថិតក្រោមមូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម»។
នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំទាំងអស់ បានពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានស្របតាមទិសដៅនៃសេចក្ដីថ្លែងការណ៍សាន់យ៉ាឆ្នាំ២០១៦, សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញឆ្នាំ២០១៨ និងផែនការសកម្មភាពសម្រាប់រយៈពេល៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) កំណត់ទិសដៅអនាគតសម្រាប់ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាការពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង។
លើសពីនេះ ថ្នាក់ដឹកនាំប្រទេសសមាជិកមេគង្គ-ឡានឆាង ក៏ផ្តោតការយកចិត្តទុកដាក់ផងដែរលើកិច្ចខិតខំប្រឹងប្រែងរួមរបស់បណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងការប្រយុទ្ធប្រឆាំងនិងដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គម ក្រោយជំងឺកូវីដ-១៩។
កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣នេះ នឹងគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃសន្តិភាពប្រកបដោយនិរន្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែងនៅតំបន់មេគង្គ-ឡានឆាង ក៏ដូចជាការលើកកម្ពស់សន្តិសហវិជ្ជមាន ក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង ។
គួរជម្រាបថា ប្រទេសជាសមាជិកនៃមេគង្គ-ឡានឆាង គឺមាន៦ ប្រទេស ដូចជា កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, ថៃ, វៀតណាម និង ប្រទេសចិន៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!