លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំប្រចាំឆមាស នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នាថ្ងៃទី ២៥ សីហា នេះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំប្រចាំឆមាស លើកទី៤ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានអោយដឹងថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងរៀបចំកិច្ចប្រជុំប្រចាំឆមាសទី ៤ ក្រោមអធិបតីភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២០ នៅវិមានសន្តិភាព ។
ក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងថ្លែងសុន្ទរកថាបើក និងទស្សនទាននៃការរួមចំណែករបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្នុ្ងងការងាររយៈពេល២៨ ខែកន្លងទៅ ។ ក្នុងនោះ លោកនាយករដ្ឋមន្ត្រី ក៏នឹងបង្ហាញនូវចក្ខុវិស័យនៃការរំពឹងទុកលើការវិវត្តជាវិជ្ជមាននៃការកំណែទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ។
ជាមួយគ្នានេះ បណ្ដាប្រធានប្រតិភូគណបក្ស ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក៏នឹងបង្ហាញនូវទស្សនទានជាធាតុចូលបន្ថែម អំពីបរិបទសង្គមបច្ចុប្បន្ន ដោយផ្អែកលើតម្រុយភស្តុតាង តាមរយៈបេសកកម្មការងាររបស់ប្រតិភូគណបក្សនីមួយៗ ។
ក្រោយបញ្ចប់កិច្ចប្រជុំ ក៏នឹងមានសន្និសីទសារព័ត៌មានដោយលោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!