ភ្ញៀវទេសចរជិត ៣ម៉ឺននាក់ បានមកកម្សាន្តនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តបន្ទាយមានជ័យ
ក្នុងរយៈពេល០៦ ថ្ងៃ នៃឈប់សម្រាកសងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយគិតចាប់តាំងពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ មានភ្ញៀវទេសចរជិត ៣០.០០០នាក់ បានមកកម្សាន្តនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តបន្ទាយមានជ័យ។
រមណីយដ្ឋានទេសចរណ៍សំខាន់ៗ ដែលមានសក្ដានុពលក្នុងខេត្តបន្ទាយមានជ័យ រួមមាន ៖ ប្រាសាទបន្ទាយឆ្មារ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក , បារាយណ៍មេបុណ្យ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក , អាងជើងគ្រុស ស្ថិតក្នងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។
ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមការងារគ្រប់ផ្នែក កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរៀបចំ និងលេងកម្សាន្តសប្បាយរីករាយក្នុងថ្ងៃនៃឈប់សម្រាកសងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយបានចូលរួមអនុវត្តន៍តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមប្រយុទ្ធ ការពារនៃការរីករាលដាល់ជំងឺកូវីដ១៩ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!