លោក ហេង សំរិន ជំរុញដល់អាជ្ញាធរមូលដ្ឋានលើកកម្ពស់បន្ថែមទៀត ក្នុងការផ្តល់សេវាសាធារណៈជូនពលរដ្ឋ
លោក ហេង សំរិន ប្រធានរដ្ឋសភា បានជំរុញដល់អាជ្ញាធរមូលដ្ឋាន លើកកម្ពស់បន្ថែមទៀត ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសការចូលរួមអនុវត្តន៍ និងផ្សព្វផ្សាយ វិធានការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យមានប្រសិទ្ធភាពខ្ពស់។
ការជំរុញដល់មន្រ្តីរាជការបែបនេះ បានលើកឡើងនៅក្នុងឱកាសលោក ហេង សំរិន ប្រធានរដ្ឋសភា ជួបសំណេះសំណាលជាមួយមន្រ្តីរាជការ សមាជិកសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ និងស្រុក នៃខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅក្នុងភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
លោក ហេង សំរិន បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីជំនួយសង្គម ពិសេសការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ១៩ កម្មករបាត់បង់ការងារ ស្រ្តីមានផ្ទៃពោះ និងក្មេងអាយុក្រោម ២ឆ្នាំ និងវិធានការអន្តរាគមន៍ផែ្នកសេដ្ឋកិច្ច ដែលក្នុងនោះការអនុគ្រោះពន្ធ ការអនុញ្ញាតមិនឱ្យបង់ប្រាក់វិភាគទានធានារ៉ាប់រងហានិភ័យការងារ និងថែទាំសុខភាព ការផ្តល់ភាពអនុគ្រោះលើលក្ខខណ្ឌឥណទាន និងការជួយឧបត្ថម្ភ សហគ្រាសខ្នាតតូច និងមធ្យម ផងដែរ។
លោកប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា នៅក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក្តី រាជរដ្ឋាភិបាល បានខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនិងប្រទេសជាតិ ប្រកបដោយការយកចិត្តទឹកដាក់ខ្ពស់ ធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍជាលំដាប់ ហើយកម្រិតជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពល្អប្រសើរឡើង ដោយបច្ចុប្បន្ននេះ ផលិតផលសរុបសម្រាប់មនុស្សម្នាក់ៗ ប្រមាណជាង ១ ៦០០ដុល្លារអាមេរិក ហើយភាពក្រីក្រស្ថិតក្នុងរង្វង់ ១០%ប៉ុណ្ណោះ។
លោក ហេង សំរិន បន្តថា រាជរដ្ឋាភិបាល បានការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាពជាតិ និងបន្តធានារក្សានូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ ។
ឆ្លៀតនៅក្នុងឱកាសនោះ លោកប្រធានរដ្ឋសភា ក៏បានស្នើដល់មន្រ្តីរាជការទំាងអស់ រក្សាសាមគ្គីភាពនៅក្នុងសហគមន៍ តាមរយៈការបង្ហាញនូវតម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់សេវារបស់ខ្លួនជូនប្រជាពលរដ្ឋ ជាពិសេសការកំណត់អត្តសញ្ញាណប្រជាជនក្រីក្រ និងការផ្តល់ថវិកាជំនួយសង្គម និងត្រូវបន្តចូលរួមអនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរាកត្បាតជំងឺកូវីដ១៩ ឱ្យបានខ្ជាប់ខ្ជួន។
លោក ហេង សំរិន បានលើកទឹកចិត្តឲ្យអាជ្ញាធរ មន្រ្តីគ្រប់ជាន់ថ្នាក់ ចូលរួមចំណែកខិតខំលើកកម្ពស់វិស័យអប់រំ តាមរយៈការបង្កលក្ខណៈសម្បត្តិសិក្សាពីចម្ងាយ ដែលជាយន្តការរបស់ក្រសួងអប់រំ យុវជននិងកីឡា នៅក្នុងពេលរាតត្បាតជំងឺកូវីដ១៩នេះ។
លោកក៏បានស្នើដល់អាជ្ញាធរ ជួយជំរុញក្មួយៗ យុវជន យុវនារី ឱ្យខិតខំសិក្សាជំនាញបច្ចេកទេស ដើម្បីប្រកបវិជ្ជាជីវៈដែលឆ្លើយតបនឹងតម្រូវការងារ និងការវិវឌ្ឍជឿនលឿនផ្នែកបច្ចេកវិទ្យាទំនើបសព្វថ្ងៃនេះ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!