ភរិយារដ្ឋមន្ត្រីក្រសួងបរិស្ថាន ៖ មន្រ្តីឧទ្យានុរក្សជាឪពុក ម្តាយ ដែលកំពុងតែថែរក្សា និងការពារនូវមរតកធនធានធម្មជាតិសម្រាប់កូនចៅ
លោកស្រី ឌិត និតា ភរិយាលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកឡើងថា មន្រ្តីឧទ្យានុរក្សជាឪពុក ម្តាយ ដែលកំពុងតែថែរក្សា និងការពារនូវមរតកធនធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ ។
លោកស្រីថ្លែងបែបនេះ ក្នុងពេលអញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយវិធីបង្ការ ទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូន ដល់គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិចំបក់ និងមន្រ្តីឧទ្យានុរក្សនៅខេត្តកំពង់ស្ពឺ ។
លោកស្រី ឌិត និតា បានលើកឡើងថា ក្នុងបុព្វហេតុការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃដែលជាប្រពន្ធ័ជីវៈចម្រុះដ៏មានតម្លៃរបស់កម្ពុជា មន្ត្រីឧទ្យានុរក្សបានលះបង់ពេលវេលាជាមួយក្រុមគ្រួសារ លះបង់កម្លាំងកាយកម្លាំងចិត្តនិងបញ្ញាដើរល្បាតទាំងយប់ ទាំងថ្ងៃក្រោមអាកាសធាតុក្តៅ ភ្លៀង ផ្គររន្ទះដោយមិនខ្លាចនឿយហត់នៅតាមព្រៃភ្នំ បឹងបួរ ទន្លេ ជ្រលងដងអូរនានា។
លោកស្រី បានបន្ថែមថា មន្ត្រីឧទ្យានុរក្ស ក៏បានប្រឈមនឹងគ្រោះថ្នាក់ជាច្រើន រាប់តាំងពីជំងឺដង្កាត់ដែលឆ្លងក្នុងព្រៃ វង្វេងព្រៃដាច់បាយក៏មាន ហើយជួនកាលប្រឈមនឹងជនល្មើសរហូតដល់មានការតតាំងដាក់គ្នាជាដើម ដែលទាំងនេះ គឺជាវីរៈភាព និងការលះបង់ដ៏មានតម្លៃបំផុត ដែលមិនអាចកាត់ថ្លៃបាន។
ជាមួយគ្នានេះដែរ លោកស្រី ឌិត និតា បន្តថា អ្វីដែលមន្ត្រីឧទ្យានុរក្សកំពុងធ្វើនៅពេលនេះ គឺមិនមែនគ្រាន់តែធ្វើក្នុងនាមតែជាមន្ត្រីឧទ្យានុរក្សដែលត្រូវបំពេញជាតួនាទីទៅតាមឯកសណ្ឋានប៉ុណ្ណោះទេ តែពួកគាត់ធ្វើក្នុងនាមជាឪពុក ម្តាយ ដែលកំពុងតែថេរក្សា និងការពារនូវមរតកធនធានធម្មជាតិដ៏សម្បូណ៌បែបសម្រាប់កូនចៅជំនាន់ក្រោយអាស្រ័យផលដោយមិនចេះរីងស្ងួតរាប់ជំនាន់តទៅមុខទៀតផង ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានសហការជាមួយក្រសួងសុខាភិបាល និងអាជ្ញាធរខេត្តកំពង់ស្ពឺ បានរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយវិធីបង្ការ និងលប់បំបាត់ជំងឺគ្រុនចាញ់ ដល់គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិចំបក់ និងមន្រ្តីឧទ្យានុរក្សក្នុងខេត្តកំពង់ស្ពឺ រៀបចំឡើងក្រោមវត្តមានរបស់លោក ឌិត និតា ភរិយាលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អមដំណើដោយរដ្ឋលេខាធិការក្រសួងបរិស្ថាន រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួងសុខាភិបាល រដ្ឋបាលខេត្តកំពង់ស្ពឺ អាជ្ញាធរមូលដ្ឋាន មន្រ្តីឧទ្យានុរក្ស និងប្រជាពលរដ្ឋជាច្រើននាក់ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!