លោក ពេជ្រ ស្រស់ នឹងចុះជួបពលរដ្ឋដែលអះអាងថាបាត់ដីក្រោយបោះបង្គោលព្រំដែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាអោយលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន កម្ពុជា ចុះទៅជួបប្រជាពលរដ្ឋ ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់បទបញ្ជាបែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំប្រចាំឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បន្ទាប់ពីមានការស្នើសុំរបស់លោក ពេជ្រ ស្រស់ ប្រធានប្រតិភូគណបក្សយុវជនកម្ពុជា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ។
លោក ពេជ្រ ស្រស់ បានលើកឡើងជាសំណួរទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងដូច្នេះថា ៉ តើរាជរដ្ឋាភិបាលមានគម្រោងបញ្ជូនអ្នកជំនាញព្រំដែនទៅជួបប្រជាពលរដ្ឋដែលអះអាងថា បាត់ដីពួកគាត់ ក្រោយបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមរួចរាល់ក្នុងស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដែរឬទេ ? ៉ ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំទៅកាន់លោក ប៊ិន ឈិន រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី អោយបើកសិក្ខាសាលាមួយ ដើម្បីឲ្យប្រជាពលរដ្ឋ សិស្ស និស្សិត ចូលស្តាប់ និងសួរអំពីរឿងបញ្ហាព្រំដែន ផងដែរ ។
នៅក្នុងនោះដែរ ក្រោយលោកនាយករដ្ឋមន្ត្រី បញ្ជាទៅកាន់លោក វ៉ា គឹមហុង បែបនេះ លោក ពេជ្រ ស្រស់ ក៏បានបញ្ជាក់ថា លោកនឹងចុះទៅជួបប្រជាពលរដ្ឋ ដែលអះអាងថាបាត់ដីក្រោយពីបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ ជាមួយប្រតិភូរបស់លោក វ៉ា គឹមហុង ក្នុងពេលឆាប់ៗខាងមុខនេះ ផងដែរ ដើម្បីឲ្យដឹងការពិត ។
សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោតជាតិឆ្នាំ២០១៨ ។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានតួនាទីផ្តល់យោបល់ជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!