ក្រសួងសាធារណការ បើកកិច្ចប្រជុំដោះស្រាយបញ្ហាប្រឈមនៅច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម និងកម្ពុជា-ថៃ
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំលើកទី១ របស់ក្រុមការងារចំពោះកិច្ច ដើម្បីដោះស្រាយបញ្ហាប្រឈមនៅច្រកទ្វារ ព្រំដែនកម្ពុជា-វៀតណាម និងកម្ពុជា-ថៃ ។
កិច្ចប្រជុំនេះ បានធ្វើឡើងដើម្បីពិនិត្យមើលផែនការសកម្មភាពទាំង៧៨ ដែលរៀបចំឡើងដោយក្រុមការងារចំពោះកិច្ច និងដើម្បីប្រមូលធាតុចូលបន្ថែមសំដៅឱ្យផែនការសកម្មភាពនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ អាចអនុវត្តន៍បានប្រកបដោយប្រសិទ្ធភាព និងបម្រើឱ្យឧត្ដមប្រយោជន៍រួម។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ បានលើកអំពីគម្រោងសាងសង់ ពង្រីក និងលើកកម្ពស់គុណភាព និងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ដើម្បីជំរុញ និងលើកកម្ពស់ វិស័យភស្តុភារកម្មកម្ពុជា ឱ្យកាន់តែប្រសើរឡើង និងអាចប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដែរថា ក្រសួងបាន និងកំពុងធ្វើការជាមួយភាគីថៃ ដើម្បីអនុញ្ញាតឱ្យរថយន្តដឹកទំនិញធ្វើចរាចរណ៍តាមច្រកទ្វារស្ទឹងបត់-បានណងអៀន បណ្ដោះអាសន្ន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងបានធ្វើការជាមួយភាគីវៀតណាមដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅព្រំដែនបាវិត-ម៉ុកបៃ ផងដែរ។
លោករដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំទាំងមូលចូលរួមជាមតិ យោបល់ក្នុងការប្រែក្លាយវិស័យភស្ដុភារកម្មកម្ពុជាឱ្យទៅជាមណ្ឌលភស្តុភារកម្ម និងជាឃ្លាំងស្តុកទំនិញ របស់ប្រទេសជិតខាង ដោយហេតុថាកម្ពុជាស្ថិតក្នុងភូមិសាស្ត្រដ៏មានអំណោយផលមួយក្នុងតំបន់ និងជាច្រកដឹកជញ្ជូនទំនិញពីថៃ-កម្ពុជា-វៀតណាម និងពីវៀតណាម-កម្ពុជា-ថៃ។
ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារចំពោះកិច្ច និងភាគីពាក់ព័ន្ធដែលបានសហការល្អរៀបរៀងផែនការសកម្មភាពនេះឡើង និងបានណែនាំឱ្យក្រុមការងារចំពោះកិច្ចយកធាតុចូលទាំងឡាយដែលបានមកពីកិច្ចប្រជុំនេះទៅធ្វើការកែសម្រួល ផែនការសកម្មភាពឱ្យកាន់តែប្រសើរឡើង និងរៀបចំផែនការសកម្មភាពទៅតាមកញ្ចប់សម្រាប់រយៈពេលខ្លី មធ្យម និងរយៈពេលវែង ជាពិសេសកញ្ចប់ផែនការសកម្មភាពបន្ទាន់ដែលត្រូវអនុវត្តនៅចុងឆ្នាំនេះ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារចំពោះកិច្ចរៀបចំកិច្ចប្រជុំលើកទី២ របស់ខ្លួន ដើម្បីពិនិត្យមើលផែនការសកម្មភាពទាំងនេះឱ្យបានល្អិតល្អន់មុននឹងដាក់ជូនលោក អូន ព័ន្នមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងសម្រេច ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!