មន្ត្រីនាំពាក្យ ៖ ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ គឺត្រូវផ្សព្វផ្សាយពីការពិតឱ្យបានលឿនបំផុត
លោក នេត ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសូងបរិស្ថាន លើកឡើងថា ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ប្រកបដោយប្រសិទ្ធភាព គឺត្រូវផ្សព្វផ្សាយពីការពិតឱ្យបានលឿនបំផុត ព្រោះប្រសិនបើទុកឱ្យព័ត៌មានក្លែងក្លាយដឹកមុខកាន់តែយូរ នោះហានិភ័យ និងការខូចខាតបង្កឡើងដោយព័ត៌មានក្លែងក្លាយក៏កាន់តែមានទំហំធំ ។
ការលើកឡើងរបស់លោក នេត្រ ភក្ត្រា បែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការការពារ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងសុវត្ថិភាពប្រព័ន្ធព័ត៌មានវិទ្យាជូនមន្ត្រីមកពីអគ្គនាយកដ្ឋាននានា នៃក្រសួងបរិស្ថាន។
លោក នេត ភក្ត្រា ថ្លែងថា យើងមិនត្រូវជឿលើការផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់នោះឡើយ ហើយគ្រប់គ្នាចាំបាច់មិនត្រូវស្មាន ឬធ្វើបុរេវិនិច្ឆ័យឡើយ ពោល គឺត្រូវពិនិត្យឱ្យបានច្បាស់លាស់ មុននឹងផ្សព្វផ្សាយ ឬ ចែករំលែកព័ត៌មាន ឬសារទាំងនោះបន្ត ។
លោករដ្ឋលេខាធិការ បន្តថា ក្រសួងស្ថាប័នចាំបាច់ណាស់ ត្រូវបន្តការផ្សព្វផ្សាយព័ត៌មានឱ្យបានច្រើន ព្រោះការផ្តល់ព័ត៌មានពិត គឺជាវិធានការដ៏មានប្រសិទ្ធភាពបំផុត ក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយផង និងជាការបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ ហើយពេលប្រជាពលរដ្ឋយល់ដឹង នោះពួកគាត់នឹងចូលរួមគាំទ្រនូវបុព្វហេតុរបស់ស្ថាប័នកាន់តែសកម្មថែមទៀត។
ដោយឡែក លោក នេត ភក្ត្រា ក៏បានជម្រុញអោយអគ្គនាយកដ្ឋាន ចំណុះក្រសួងបរិស្ថាន ត្រូវបន្តបង្កើនការផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជាទៅកាន់សាធារណជន ផ្តល់ព័ត៌មានជាប្រចាំអំពីកិច្ចការដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះក្រសួងបរិស្ថានទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានធ្វើក្នុងបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹង ដោយប្រើប្រាស់ទាំងប្រព័ន្ធផ្សព្វផ្សាយបុរាណ និងទំនើប ដោយលោក បញ្ជាក់ថា ប្រសិនបើយើងមិនផ្សព្វផ្សាយ នោះពលរដ្ឋនឹងមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ហើយដែលមជ្ឈដ្ឋានអគតិមួយចំនួនតូចនឹងបំភ្លៃកាតពិត បំផ្លើស បំប៉ោងស្ថានការណ៍ដោយប្រើប្រាស់ព័ត៌មានក្លែងក្លាយ ។
លោក នេត្រ ភក្ត្រា បានបន្ថែមថា មន្ត្រីរាជការទាំងអស់ ត្រូវយល់ដឹងពីប្រព័ន្ធសុវត្ថិភាពនៃការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងត្រូវចូលរួមប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ខណៈប្រព័ន្ធបច្ចេកវិទ្យារីកចម្រើនខ្លាំង ពលរដ្ឋបានផ្លាស់ប្តូរឥរិយាបថទទួលព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយទំនើប ជាពិសេសតាមរយៈបណ្តាញទំនាក់ទំនងសង្គម ធ្វើឱ្យជនមួយចំនួនងាយស្រួលក្នុងការបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីមូលហេតុផ្សេងៗ ជាដើម ។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយនាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយ នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ដោយមានការចូលរួមចែករំលែកបទពិសោធពីមន្ត្រីបច្ចេកទេស នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយរៀបចំឡើងក្នុងគោលបំណងកសាងសមត្ថភាពមន្ត្រីជំនាញ ដែលគ្រប់គ្រងប្រព័ន្ឋផ្សព្វផ្សាយសង្គម ដើម្បីបង្កើនសុវត្ថិភាពលើការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!