អង្គភាពប្រឆាំងអំពើពុករលួយ កោះហៅអភិបាលក្រុងប៉ោយប៉ែត ចូលបំភ្លឺប្រវត្តិទំនាស់ដី ១១៣ហិកតា
អង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើលិខិតទៅលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដើម្បីចូលបំភ្លឺពាក់ព័ន្ធនឹងប្រវត្តិទំនាស់ដី ១១៣ហិកតា របស់ប្រជាពលរដ្ឋ ៥១គ្រួសារ ស្ថិតនៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
យោងតាមលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលមានចុះហត្ថលេខាដោយលោក ឳម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអោយដឹងថា មានប្រជាពលរដ្ឋ ៥១គ្រួសារ បានដាក់ពាក្យបណ្ដឹងមកអង្គភាពប្រឆាំងអំពើពុករលួយ ដោយពួកគាត់ បានរៀបរាប់ថា ពួកគាត់មានទំនាស់ដីធ្លីជាមួយឈ្មោះ ទុយ វ៉ាន់នី តំណាងឲ្យប្រជាពលរដ្ឋ ១៤គ្រួសារ។
ក្នុងនោះ ដីទំនាស់នោះ ដំបូងឡើយឈ្មោះ ទុយ វ៉ាន់នី បានបញ្ជាក់ច្បាស់ថា ដីរបស់ពួកខ្លួន ១៤គ្រួសារ គឺស្ថិតនៅភូមិអូរឫស្សី ឃុំប៉ោយប៉ែត ប៉ុន្តែក្នុងឆ្នាំ២០១៥ មានការបញ្ជាក់ពីលោកមេភូមិសូរិយា និងចៅសង្កាត់និមិត្ត អះអាងថា ដីរបស់ឈ្មោះ ទុយ វ៉ាន់នី តំណាងឲ្យពលរដ្ឋទាំង ១៤គ្រួសារ ស្ថិតនៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យទៅវិញ។
តែយ៉ាងណា បើតាមអនុក្រឹត្យចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១១ ស្តីពីការបង្កើតផ្សារកណ្តាល នៃក្រុងប៉ោយប៉ែត បានបង្ហាញថា ភូមិអូរឫស្សី គឺស្ថិតនៅសង្កាត់ផ្សារកណ្តាល ដូចនេះបានន័យថា ទីតាំងភូមិសាស្ត្រ នៃភូមិអូរឫស្សី មិនដែលប្តូរ ឬមិនដែលកាត់ចូលដែនរដ្ឋបាលភូមិសាស្ត្រភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតឡើយ។ តើភូមិអូរឫស្សី ពិតជាភូមិសូរិយាបច្ចុប្បន្នមែនទេ?
ហេតុដូច្នេះហើយ អង្គភាពប្រឆាំងអំពើពុករលួយ សុំអោយលោកអភិបាលក្រុងប៉ោយប៉ែត ចូលមកបំភ្លឺករណីនេះ និងផ្តល់ឯកសារពាក់ព័ន្ធទៅកាន់ អង្គភាពប្រឆាំងអំពើពុករលួយ ឲ្យបានទាន់ពេល ដើម្បីបន្តនីតិវិធី ។
សូមជម្រាបថា អង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើលិខិតទៅលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានធ្វើឡើងបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ ទទួលបានពាក្យប្តឹងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ និងស្មារតីអង្គប្រជុំពិនិត្យពាក្យប្តឹង នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!