ក្រសួងការងារ នឹងបន្តកិច្ចពិភាក្សាលើការកំណត់ប្រាក់ឈ្នួលនៅថ្ងៃទី ៩-១០ កញ្ញា ខាងមុខ
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានកំណត់ឲ្យក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា រួមគ្នាបញ្ចប់កិច្ចពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជេីង សម្រាប់ឆ្នាំ២០២១ ត្រឹមថ្ងៃទី៩-១០ ខែកញ្ញា ខាងមុខនេះ ។
ការជំរុញនេះធ្វេីឡេីងក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី១ ឆ្នាំទី២ ស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជេីង សម្រាប់ឆ្នាំ២០២១ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
នាឱកាសនោះ លោក អ៊ិត សំហេង បានលើកឡើងថា ការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមានៅប្រទេសកម្ពុជា ត្រូវបានចាប់ផ្តើមអនុវត្តលើកដំបូងក្នុងឆ្នាំ២០០០ ហើយត្រូវបានធ្វើការកែលម្អជាបន្តបន្ទាប់តាមរយៈយន្តការត្រីភាគី។
លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា ជាក់ស្តែង រាជរដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាក្នុងឆ្នាំ២០១៦ និងទទួលបានការអនុម័ត និងប្រកាសឱ្យប្រើកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ដោយបានបញ្ចូលនូវគោលការណ៍ទាំង៥, លក្ខណវិនិច្ឆ័យផ្នែកសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យផ្នែកសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ព្រមទាំងកាលវិភាគនៃការចរចាប្រាក់ឈ្នួលអប្បបរមា ដែលជាលទ្ធផលនៃសិក្ខាសាលាត្រីភាគីថ្នាក់ជាតិកាលពីថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០១៤។
ជាលទ្ធផល ប្រាក់ឈ្នួលអប្បបរមានៅក្នុងវិស័យនេះ ត្រូវបានកែសម្រួលពី ១៨២ ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់ឆ្នាំ២០១៩ រហូតដល់ ១៩០ ដុល្លារអាមេរិកក្នុង មួយខែសម្រាប់ឆ្នាំ២០២០នេះ ស្មើនឹង ៤.៤%។ ប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍បន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២០៧ ទៅ ២១៨ ដុល្លារអាមេរិកក្នុងមួយខែនៅក្នុងឆ្នាំ២០២០។
លោករដ្ឋមន្ត្រី បានបន្តថា សម្រាប់ឆ្នាំ២០២០ ដំណេីរការពិភាក្សាប្រាក់ឈ្នួលអប្បបរមា ប្រព្រឹត្តទៅតាមកាលបរិច្ឆេទធម្មតា ប៉ុន្តែដោយសារនៅខែមីនា ឆ្នាំ២០២០ មានការផ្ទុះឡើងនូវជំងឺកូវីដ១៩ ក្នុងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដែលជាទីផ្សារនាំចេញផលិតផលចម្បងរបស់ប្រទេសកម្ពុជា ហើយប្រទេសទាំងនោះបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដែលជាហេតុធ្វើឱ្យការនាំចេញផលិតផលកាត់ដេរ និងស្បែកជើងរបស់ប្រទេសកម្ពុជាមានការធ្លាក់ចុះ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងរៀងរាល់ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៩៧ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតមានចំនួនតែ ៤០ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែ រហូតដល់ឆ្នាំ២០២០នេះ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៅកម្ពុជាមានចំនួន ១៩០ ដុល្លារអាមេរិកក្នុងមួយខែ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!