បន្ទាប់ពីបទឈប់បាញ់រយៈពេលខ្លីបានបញ្ចប់ការវាយប្រហារតាមផ្លូវអាកាសបានបន្តឡើងវិញ
ផ្សែងនិងក្លិនឈ្ងៀមគ្រាប់បែកបានហុយទ្រលោមពេញមេឃជាថ្មីម្តងទៀតកាលពីថ្ងៃអាទិត្យលើប្រទេសយេម៉ែនខណៈដែលបទឈប់បាញ់ដើម្បី ផ្តល់ជំនួយមនុស្សធម៌បានបញ្ចប់។
បើយោងតាមលោក Ali al-Halemi មន្ត្រីសន្តិសុខមួយរូបនៅក្នុងក្រុងអាដេននិងជាមន្រ្តីម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការវាយប្រហារតាមអាកាស ពីក្រុមចំរុះនេះ បានបន្តដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅក្នុងទីតាំងចំនួន៤កន្លែងក្នុងក្រុង អាដេនប្រទេសនេះ ។ ក៏មានការបញ្ជាក់ពីសកម្មជនទាំងពីររូបផងដែរគឺ Basem al-Sultan និង Abdulaziz Al-Shuaibi ថាការវាយប្រហារតាមផ្លួវអាកាសនេះបានធ្វើឡើងបួនកន្លែងផ្សេងៗពីគ្នាក្នុងស្រុកអាដេននេះ។
ការវាយប្រហារតាមអាកាសដែលបានកំណត់គោលដៅមកលើកក្រុម ហ៊ូធីនៅក្នុង យេម៉ែននេះ កងកម្លាំងចំរុះក៏បានបើកការប្រយុទ្ធ នៅលើដីផងដែរ។ បទឈប់បាញ់គ្នានេះបានបញ្ចប់នៅម៉ោង 11 យប់ម៉ោងក្នុងស្រុកកាលពីថ្ងៃអាទិត្យ ។ មិនទាន់មានសេចក្តីរាយការណ៍ពីភាគីណាមួយនៅឡើយទេ ថាតើមានអ្នកស្លាប់ឬក៏របួសនៅក្នុងការការវាយប្រហារតាមអាកាសជាថ្មីនេះ។ មិនតែប៉ុណ្ណោះគេមិនបានឃើញការវាយប្រហារតាមយន្តហោះនៅក្នុងរដ្ឋធានី សាណាអានោះដែរ។
លោកប្រធានាធិបតីនៃប្រទេស យេម៉ែន លោក Abdu Rabbu Mansour Hadi បាននិយាយនៅ ក្នុងសន្និសីទមួយ នៅក្នុងទីក្រុង Riyadhប្រទេសអារ៉ាប៊ីសាអ៊ូឌីតថា ការជួយប្រទេសយេម៉ែននេះលោក សន្យាថា ប្រទេសរបស់លោកនឹងរស់រានមានជីវិត ពីភាពចលាចល។
លោកឧត្តមសេនីយ៍ Ahmed Asiri អ្នកនាំពាក្យក្រុមយោធាចម្រុះដែលដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃសៅរ៍ថា មិនទាន់ឈានដល់បទឈប់បាញ់រយៈពេលវែងនៅឡើយទេ ហើយជម្រើសទាំងអស់នឹងនៅតែមាននៅលើតុចរចា សម្រាប់បទឈប់បាញ់គ្នាដែលមានរយៈពេលវែង។
សូមជំរាបជូនថា ក្នុងកំឡុងពេលឈប់គ្នានោះ គណៈកម្មាធិការ កាកបាទក្រហម អន្តរជាតិ បានឱ្យដឹងថាខ្លួននឹងបន្តផ្តល់ជូននូវទឹក ឥន្ធនៈនិងអគ្គិសនី ដល់ប្រជាពលរដ្ឋនៅក្នុងក្រុងអាដេន ក៏ដូចជាការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តទៅកាន់មន្ទីរពេទ្យនៅក្រុងអាដេននិងតំបន់ដទៃទៀតផងដែរ។
លោក Adnan Hizam អ្នកនាំពាក្យកាកបាទក្រហមនៅ ក្រុង សាណាអា វិញបាននិយាយថាដោយមានការគាំទ្រពីកាកបាទក្រហម អឌ្ឍចន្ទក្រហម យេម៉ែនក៏មានលទ្ធភាពបញ្ជូនអ្នករងរបួសនិង សាកសពទៅកាន់មន្ទីរពេទ្យនៅTaiz ៕ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!